កីឡា

ប៊ែលធី បើកការប្រកួត កីឡាបាល់ទាត់ U-13 & U-16 ដណ្តើមពានរង្វាន់ ឆ្នាំ២០២០

ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធពិធី បើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ (BELTEI CHAMPIONS TROPHY 2020) ដែលមានក្រុមកីឡាករ U-13 ចំនួន ១៨ក្រុម និងU-16 ចំនួន ១៩ក្រុម មកពីសាលា ប៊ែលធី អន្តរជាតិទាំង ២០សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួន ៦,៤១៦នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប  និងលោកស្រី ។

លោក ប៊ុត ឌីម៉ង់ ប្រធាននាយកដ្ឋានចំណេះទូទៅ បានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទរួមមាន៖

១-អប់រំកាយ សម្រាប់សិស្សថ្នាក់ទី១-៦  

២-កីឡា តៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី៧&៨

៣-កីឡា Futsal (U-13) សម្រាប់សិស្សថ្នាក់ទី៧&៨    

៤-កីឡា Futsal (U-16) សម្រាប់សិស្សថ្នាក់ទី១០&១១

ក្រុមកីឡាករ ដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់ សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ ទាំង ២ក្រុម គឺ U-13 និង    U-16 នឹងទទួលរង្វាន់ដូចខាងក្រោម៖

+ ក្រុមជើងឯក (The Winner)

•ពានរង្វាន់ជើងឯក សាលា ប៊ែលធី អន្តរជាតិ

•មេដាយមាស

•ថវិកាចំនួន 3,000,000 រៀល

+ ក្រុមជើងឯករង (Runner-up)

•មេដាយប្រាក់

•ថវិកាចំនួន 2,000,000 រៀល

+ ក្រុមលេខ ៣ 

•មេដាយសំរឹទ្ធិ

•ថវិកាចំនួន 1,000,000 រៀល

+ ក្រុមគំរូ (Fair Play Team) 

•ថវិកាចំនួន    500,000 រៀល

ចំណែកឯក្រុមកីឡាករ ដែលមិនបានជាប់ជ័យលាភី ក៏ទទួលបានថវិកា លើកទឹកចិត្តក្នុង ១ក្រុម 200,000រៀលផងដែរ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោល នយោបាយពង្រឹង វិស័យកីឡាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូល កម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស ។ 

លោកបណ្ឌិត បានណែនាំ និងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ឱ្យនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព និងសាមគ្គីភាព ហើយត្រូវជៀសឱ្យផុតពីគ្រឿងញៀន ព្រោះនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្ក អសន្តិសុខដល់សង្គម និងធ្វើឱ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឱ្យប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចជាតិទៀតផង ។ 

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ក្រុមកីឡាករទាំង ៣៧ក្រុម ឱ្យគោរពវិន័យនៃការប្រកួត និងប្រកួតតាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ ប្រកបដោយឆន្ទៈមុតមាំ និងចេះគោរពដៃគូប្រកួតរបស់ខ្លួន ។ លោកបណ្ឌិត ក៏បានជូនពរដល់ក្មួយៗ កីឡាករតាមក្រុមនីមួយៗ ទទួលបានជោគជ័យក្នុងការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ នាពេលនេះផងដែរ ។

បន្ទាប់មក លោកបណ្ឌិតប្រធានគណៈអធិបតី បានប្រគល់បាល់ជូនក្រុមអាជ្ញាកណ្តាល ជានិមិត្តរូប នៃការបើកកម្មវិធីប្រកួតបាល់ទាត់    U-13 និង U-16 ៕

To Top