កីឡា

AFC U-19៖ កម្ពុជា ជួបកោះម៉ារីអាណា ខាងជើងល្ងាចនេះ ក្រោយចាញ់ ម៉ាឡេស៊ី

ភ្នំពេញ៖ ក្រុមជម្រើសជាតិ U-19 កម្ពុជា នឹងត្រូវជួបក្រុម U-19 កោះម៉ារីអាណាខាងជើង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ដែលជាប្រកួតទី២ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

នេះគឺជាប្រកួតទី២ ក្នុងពូល G ក្រោយក្រុម U-19 កម្ពុជា និងកោះម៉ារីអាណាខាងជើង បានរងបរាជ័យដូចគ្នា ក្នុងប្រកួតបើកឆាក ។ ដូច្នេះថ្ងៃនេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងពីរ ទាមទាឈ្នះរៀងៗខ្លួន ដើម្បីរក្សាឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ តែបើក្រុមណាចាញ់ ក្រុមនោះប្រឈមនឹងការបាត់បង់ឱកាសតែម្ដង ។

ប៉ុន្ដែមុនឈានដល់ការប្រកួតរវាងក្រុមទាំងពីរខាងលើ ក៏មានគូជក់ចិត្ត ១ប្រកួតទៀតផងដែរ គឺជាការជួបគ្នារវាងក្រុម U-19 ថៃ និងប្រ៊ុយណេ វេលាម៉ោង ៣៖៣០នាទីរសៀល ។ បច្ចុប្បន្នប្រ៊ុយណេមាន ៣ពិន្ទុក្នុងដៃ ខណៈថៃ ទើបជាការប្រកួតដំបូង ។ ហេតុនេះចាំមើលប្រ៊ុយណេ អាចយកឈ្នះថៃ ដើម្បីប្រជែងកៅអីកំពូលតារាងបានឬទេ?

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ ដោយក្រុមគោព្រៃជំទង់កម្ពុជា ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ៤ប្រទេស រួមមានថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីអាណាខាងជើង ។ ចំពោះការប្រកួតល្ងាចនេះ ក៏មានផ្សារផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ ៕

To Top