នយោបាយ

សម្តេចតេជោ៖ កម្ពុជា-ប៉ាឡាវ អាចចាប់ផ្ដើមមាន ទំនាក់ទំនងល្អជាមួយគ្នា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជានិងប៉ាឡាវអាចចាប់ផ្តើមមាន ទំនាក់ទំនងល្អជាមួយលើគ្រប់វិស័យ។

ការលើកឡើងរបស់សម្ដេចតេជោ ក្នុងជំនួបជាមួយ លោក រ៉េនុល អ៊ុលឡោច (Raynold B.Oilouch) អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសប៉ាឡាវ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបើកកិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិកលើកទី២ ។

សម្ដេចតេជោមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏ល្អដែលប្រទេសយើងទាំងពីរអាចចាប់ផ្ដើម មានទំនាក់ទំនងល្អជាមួយគ្នា ដូចជាកិច្ចសហប្រតិបត្តិការដែលអាចធ្វើឲ្យស្រប ទៅនឹងអ្វីដែលប្រទេសទាំងពីរមាន” ។ 

សម្ដេចតេជោ ក៏បានផ្ដួចផ្ដើមគំនិតថា ប្រទេសទាំងពីរ គួរតែមានការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាមួយស្ដីពីការពិគ្រោះយោបល់រវាង ក្រសួងការបរទេសទាំងពីរ ដើម្បីចាប់ផ្ដើម ពិភាក្សាគ្នារកវិធីណាដែល អាចសហប្រតិបត្តិការគ្នាបាន ដូចជា ការចុះអនុស្សារណៈនៃលើកលែងទិដ្ឋាការ និងលិខិតឆ្លងដែន ហើយបន្ទាប់មកអាចចុះហត្ថលេខា លើវិស័យពាណិជ្ជកម្ម និងការវិនិយោគផងដែរ ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏អញ្ជើញប្រធានាធិបតីប៉ាឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃណាមួយដែលអាចធ្វើទៅបាននាពេលខាងមុខ។

ចំពោះសម្ដេចតេជោវិញ ក៏បានជំរាបពីបំណងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប៉ាឡាវនៅពេលខាងមុខផងដែរ ដើម្បីចាប់ផ្ដើមជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យមានសកម្មភាពរស់រវើកឡើង ។

លោក Raynold B.Oilouch បានមានប្រសាសន៍ដែរថា ប្រទេសទាំងពីរក៏អាចសហប្រតិបត្តិការគ្នាបានក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀន ហើយក្រៅពីនោះក៏អាចពង្រឹងទំនាក់ទំនងលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការចែករំលែកបទពិសោធន៏ឲ្យគ្នាទៅវិញទៅមកទៀតផង ។ 

ចំណែក សម្ដេចតេជោបន្តថា  កម្ពុជាក៏អាចមានផលិតផលខ្លះៗ ដើម្បីធ្វើការនាំចេញទៅប៉ាឡាវផងដែរ ពីព្រោះប៉ាឡាវ ក៏ជាទីផ្សារមួយដ៏ល្អសម្រាប់ទំនិញកម្ពុជា៕

To Top