នយោបាយ

លោក មុត ចន្ថា ស្វាគមន៍ នាយករដ្ឋមន្រ្តីឲ្យដោះលែងសកម្មជនចាប់ខ្លួន ក្នុងផែនការធ្វើរដ្ឋប្រហារជាមួយសម រង្ស៊ី

ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានប្រកាសស្វាគមន៍ និងសាទរជាខ្លាំងចំពោះការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការឲ្យដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលបានចាប់ខ្លួនក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិតសម រង្ស៊ី មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមុនថ្ងៃ៩ វិច្ឆិកា មានប្រមាណជាជិត១០០នាក់។

ក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា និងឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាលោកស្រី ទីណា រេដស័រ លោក មុត ចន្ថា បានថ្លែងថា “ក្នុងនាមខ្ញុំផ្ទាល់ សូមស្វាគមន៍ និងអបអរសាទរចំពោះពួកគាត់ដែលបានទទួលសិទ្ធិពេញលេញវិញ” ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា រៀបចំនីតិវិធីដោះលែងសកម្មជនអតីតប្រឆាំងដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំតាមការស្នើសុំរបស់សាមីខ្លួន ។ នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩។

ជាមួយគ្នានេះ សម្តេចតេជោធានាអះអាង មិនឲ្យពលរដ្ឋរងគ្រោះដោយសារចាញ់ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ៕

To Top