ព័ត៌មានជាតិ

ប្រមុខការទូតអាស៊ាន ប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហា ជំងឺ COVID-19 ខណៈកម្ពុជាគាំទ្រសំណើចិន រៀបចំកិច្ចប្រជុំស្តីពី COVID-19 នៅវេលាសមស្របណាមួយ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សា សម្របសម្រួលអាស៊ាននៃរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចាប់ពីថ្ងៃទី១៩-២០ កុម្ភៈ នៅប្រទេសឡាវ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានប្ដេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ក្នុងការដោះស្រាយ និងទប់ស្កាត់ ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺឆ្លង COVID-19 ខណៈកម្ពុជាគាំទ្រចំពោះសំណើ របស់ចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ស្តីពី COVID-19 នៅពេលវេលាសមស្របណាមួយ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទសខ្មែរ នៅថ្ងៃទី២៣ កុម្ភៈនេះ បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ លោក ផាម ប៊ិនមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានដឹកនាំកិច្ចប្រជុំ ពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ ការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបណ្តាមកពីការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 ។

សេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រ្តីការបរទេសអាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួបរួមគ្នាជាធ្លុងមួយ និងមានការឆ្លើយតបខ្ពស់របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហា ជំងឺឆ្លង COVID-19 និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ ប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ នូវផលប៉ះពាល់ដែលបណ្តាលមកពីជំងឺឆ្លងនេះ ទៅលើដំណើរការកសាង សហគមន៍ អាស៊ាន ក៏ដូចជាដំណើរការជាប្រក្រតីរបស់អាស៊ាន”។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេស នៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីករណីជំងឺឆ្លង COVID-19 ក្រោមការដឹកនាំដោយសហប្រធាន ដែលមានរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ជាប្រទេសសម្របសម្រួល ដៃគូ សន្ទនាអាស៊ាន-ចិន និងរដ្ឋមន្រ្តីការបរទេសចិន រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែង នូវទំនុកចិត្តយ៉ាងពេញលេញចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលនឹងអាចជំនះលើជំងឺឆ្លង COVID-19 ។ ជាកិច្ចឆ្លើយតប លោកសហប្រធាន វ៉ាង យី បានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះ សមានចិត្តការគាំទ្រ និងជំនួយរបស់អាស៊ាន។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន បានកត់សម្គាល់ដោយការពេញចិត្តចំពោះការឆ្លើយតបរួមជាបន្ទាន់ និង សាមគ្គី ភាពជាប្រពៃណី ក៏ដូចជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក  ជាពិសេសការចាត់វិធានការ ដ៏ម៉ឺងម៉ាត់ដើម្បីដោះស្រាយជំងឺឆ្លង COVID-19 តាមរយៈការចែករំលែកព័ត៌មានយ៉ាងឆាប់ រហ័ស នឹងកិច្ចខិតខំប្រឹងប្រែងចាំបាច់នានា ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺ និងការការពារ សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងវិធានការសម្របសម្រួលរវាងអាស៊ាន និងចិន មានជាអាទិ៍៖

-បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងនឹងជំងឺឆ្លង COVID-19 តាមរយៈការចែករំលែក ព័ត៌មាន និងឧត្តម្មានុវត្តឱ្យបានទាន់ពេលវេលា

-ជំរុញឱ្យមានកិច្ចសន្ទនាគោលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានវិវត្តន៍ចុងក្រោយអំពីជំងឺឆ្លង COVID-19 ដែលរួមមាន ការត្រួតពិនិត្យ និងការព្យាបាល

-ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង នឹងជាការរើបឡើងវិញនូងជំងឺឆ្លង រួមមានករណី COVID-19 ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនកិច្ចប្រជុំអំពីវិធានការ ដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ជាពិសេសការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពង់ផែ   ព្រះសីហនុ ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នបំផុត អនុលោមតាមបទប្បញ្ញត្តិ សំខាន់ៗ របស់អង្គការសុខភាពពិភពលោក និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន សុខាភិបាលអន្តរជាតិនានា ដូចជា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលអាឡឺម៉ង់សម្រាប់ការស្រាវជ្រាវជំងឺឆ្លង និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តជួយ និងសហការយ៉ាងក្លៀវក្លាជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 និងដោយមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបន្តជំរុញការសម្របសម្រួល និងសហការជាមួយចិន ក្នុងការទប់ស្កាត់ និងលុបបំបាត់ទាំងស្រុងជំងឺឆ្លង COVID-19 នេះ។ ទន្ទឹមពេលជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានគាំទ្រចំពោះសំណើរបស់ប្រទេសចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ស្តីពី COVID-19 នៅពេលវេលាសមស្របណាមួយ ៕

To Top