ព័ត៌មានជាតិ

ក្រោយកម្ពុជាទទួលបាន យុត្តិធម៌មកវិញ សម្ដេចតេជោថ្លែងថា សម្ដេចកំពុងវាយកូនហ្គោលនៅភ្នំពេញ មិនមែននៅមន្ទីរពេទ្យសាំងហ្កាពួរ ដូចពួកបីសាចឃោសនា

ភ្នំពេញ៖ ក្រោយពីប្រទេសកម្ពុជា ទទួលបានយុត្តិធម៌មកវិញ ពីការចោទប្រកាន់របស់អាជ្ញាធរម៉ាឡេស៊ីថា ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam មានករណីកូរ៉ូណាថ្មី (Covid-19) ពេលហោះចេញពីកម្ពុជាទៅកាន់ម៉ាឡេស៊ីនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានប្រកាសថា មិនមានមនុស្សណាម្នាក់ ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លងជំងឺ Covid.19 នោះទេ ហេីយសម្ដេចក៏កំពុងវាយកូនគោលនៅភ្នំពេញ មិនមែនស្ថិតក្នុងមន្ទីរពេទ្យនៅ Singapore ដូចពួកបីសាចឃោសនានោះដែរ ។

សូមរំលឹកថា ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំមានផ្ទុកមេរោគ Covid-19 ទេ។

សម្ដចតេជោ ហ៊ុន សែន បានលេីកឡេីងតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២២ កុម្ភៈនេះថា “ការមិនទទួលខុសត្រូវ របស់ជនបរទេសខ្លះលើ ការពិនិត្យសុខភាព របស់ភ្ញៀវទេសចរដែលជិះលើនាវា Westerdam បានធ្វើឱ្យកម្ពុជាក្លាយជា ជនរងគ្រោះនៃទង្វើមនុស្សធម៌របស់ខ្លួន អស់រយៈពេលជិតមួយសប្តាហ៍។ ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយ ដែលកម្ពុជាទទួលបានយុត្តិធម៌មកវិញ។ មិនមានមនុស្សណាម្នាក់ ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លង Covid.19 នោះទេ។ សម្រាប់ខ្ញុំកំពុងវាយកូនគោលនៅ City Golf នៅភ្នំពេញមិនមែន ស្ថិតក្នុងមន្ទីរពេទ្យនៅ Singapore ដូចពួកបីសាចឃោសនានោះដែរ” ។

ទាក់ទិននឹងបញ្ហានេះដែរ កាលពីម្សិលមិញសម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មថា ប្រសិនបើសម្ដេចជា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្ដេចនឹងដកតំណែង រដ្ឋមន្រ្តីសុខាភិបាលចោល ដោយសាធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវ ធ្វើឲ្យប៉ះពាល់ដល់ជាតិសាសន៍ ៤១ប្រទេស ជុំវិញការប្រកាសថា ស្រ្តីខាងលើមានផ្ទុកវីរុស COVID-19 ៕

To Top