ព័ត៌មានជាតិ

Breaking News: សម្ដេចតេជោ ៖បើពូជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដករដ្ឋមន្រ្តីសុខាភិបាល ដោយសាធ្វើការ ខ្វះការទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់ជាតិសាសន៍ ៤១ប្រទេស

ភ្នំពេញ៖បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសសារជាថ្មីថា ស្រ្តីវ័យចំណាស់សញ្ជាតិអាមេរិក អាយុ៨៣ឆ្នាំដែលបានចាកចេញពីកម្ពុជានោះមិនមានវីរុស COVID-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញប្រតិកម្មថា ប្រសិនបើសម្ដេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្ដេចនឹងដកតំណែងរដ្ឋមន្រ្តីសុខាភិបាលចោលដោយសាធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេសជុំវិញការប្រកាសថាស្រ្តីខាងលើមានផ្ទុកវីរុស COVID-19 ។

សូមរំលឹកថាស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំមានផ្ទុកមេរោគ Covid-19 ទេ។

ទាក់ទិនបញ្ហាខាងលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជាបានបន្តទាមទារឲ្យ អាជ្ញាធរម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញ លើស្រ្តីវ័យចំណាស់សញ្ជាតិ អាមេរិកខាងលើនេះ បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសថាស្រ្តីរូបនេះមានផ្ទុកវីរុស COVID-19ក្រោយចាកចេញពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment នៅលើ Facebook របស់ឈ្មោះ «Khek Khemrath» ដោយសរសេរក្នុងន័យដើមទាំងស្រុងថា “ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌បានកើតឡើងអស់មួយសប្តាហ៍។បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោលដោយសារការធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។ប្រទេសយើងក្រតែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ”៕

To Top