ព័ត៌មានជាតិ

និសិ្សតជប៉ុន១៤រូប មកដល់កម្ពុជា ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2019

ភ្នំពេញ ៖ និសិ្សតជប៉ុនចំនួន១៤រូប មកពីក្រុមកីឡារាំលើកទឹកចិត្ត (ឆៀលីដដីង) ឈ្មោះ Teikyo University Baffalos នៃសាកលវិទ្យាល័យ Teikyo បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញ ផ្លាស់ប្តូរយុវជន JENESYS 2019។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន នៅថ្ងៃទី១៩ កុម្ភៈ នេះ បានឲ្យដឹងថា «កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្ត ទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសអាស៊ាន ប្រទេសទីម័រខាងកើត រួមជាមួយ ប្រទេសឥណ្ឌា ដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត ដែលរៀបចំដោយក្រសួងការបរទេសជប៉ុន»។

ទូតជប៉ុនបន្ដថា តាមរយៈកម្មវិធី JENESYS ក្រុមនិស្សិតសាកលវិទ្យាល័យ ឬសិស្សវិទ្យាល័យជប៉ុនមួយក្រុម បានមកទស្សនកិច្ចនៅកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសង្គមនិងវប្បធម៌ ព្រមទាំងកសាងមិត្តភាពជាមួយសិស្ស និសិ្សតកម្ពុជា។

ទូតជប៉ុនបញ្ជាក់ថា និស្សិតសាកលវិទ្យាល័យ Teikyo នឹងចូលរួមកម្មវិធីផ្លាស់ប្តូរជាមួយនិស្សិត នៃសាកលវិទ្យាល័យន័រតុន ព្រមទាំងសម្តែងក្បាច់រាំលើកទឹកចិត្តជាមួយនិស្សិតសាកលវិទ្យាល័យន័រតុន ក្នុងមហោស្រពគីហ្សូណា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០-២៣ កុម្ភៈនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC) ៕ ដោយៈ អេង ប៊ូឆេង

To Top