ព័ត៌មានជាតិ

មេសហជីព ៖ ការដំឡើងប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំ២០២១ នឹងកាន់តែពិបាក ដោយសារ EU ដក EBA នៃផ្នែកខ្លះពីកម្ពុជា

ភ្នំពេញ ៖ ក្រោយសហភាពអឺរ៉ុប កាលពីពេលថ្មីៗ សម្រេចដក ប្រព័ន្ធអនុគ្រោះពន្ធ (EBA)នូវផ្នែកខ្លះ ចេញពីកម្ពុជានោះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានលើកឡើងថា ការចរចាដំឡើង ប្រាក់ឈ្នួលជូនកម្មករ សម្រាប់ឆ្នាំ២០២១នាពេលខាងមុខនេះ នឹងកាន់តែពិបាក ហើយការចរចាអនុសញ្ញារួម CBA នៅថ្នាក់រោងចក្រ រឹតតែមិនអាចធ្វើទៅបានផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ខណៈ ទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០លោកប៉ាវ ស៊ីណាបានថ្លែងថា ទោះបី សហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធ( EBA)ត្រឹម ២០ភាគរយ ពីកម្ពុជាក៏ដោយ តែនឹងធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍កម្មករខ្មែរទាំងអស់ ។

លោកអះអាងថា “ការដក EBA ពីកម្ពុជា នឹងចូលជាធរមាន នៅថ្ងៃទី១២ សីហា ២០២០ ខាងមុខនេះ ស្របគ្នានិងរដូវកាល ចរចាប្រាក់ឈ្នួលអប្បបរមា ដូច្នេះឧបសគ្ក នៃដំណើរការចរចាដំឡើង ប្រាក់ឈ្នួលជូនកម្មករ សម្រាប់ឆ្នាំ២០២១ និងកាន់តែពិបាក ហើយការចរចា អនុសញ្ញារួម CBA នៅថ្នាក់រោងចក្រ រិតតែមិនអាចធ្វើទៅបាន មួយវិញទៀត តើរោងចក្រ និងមានការងារ គ្រប់គ្រាន់សម្រាប់កម្មករធ្វើដែរឬទេ ? បញ្ហានេះ និងជះឥទ្ធិពលដល់ជីវៈភាពកម្មករ” ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះ កម្មករទទួលបានប្រាក់ឈ្នួល អប្បបរមាចំនួន១៩០ដុល្លារ៕ដោយ៖ធី លីថូ

To Top