ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រសួងកំពុងរកវិធីដោះស្រាយ ករណីទារកស្លាប់នៅជាមួយម្តាយ ក្នុងពន្ធនាគារ

ភ្នំពេញ ៖ ក្រោយពីទារកម្នាក់ស្លាប់ ដោយសាររស់នៅជាមួយម្ដាយ ជាអ្នកទោសក្នុងពន្ធនាគារ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចរិះរកវិធីដោះស្រាយ ដោយមិនបណ្តែតបណ្តោយឡើយ។

ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើឲ្យក្រសួងយុត្តិធម៌ ពន្លឿនដំណើការសំណុំរឿង អ្នកទោសជាស្ដ្រីម្នាក់ ដែលកំពុងកកស្ទះនៅពន្ធនាគារ ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គការលីកាដូ ថ្មីៗនេះបានឲ្យដឹងថា ទារកអាយុ៥ខែម្នាក់ រស់នៅជាមួយម្ដាយកំពុងជាប់ឃុំ ក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ការស្លាប់ដ៏ខ្លោចផ្សានេះ បង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរ ក្នុងការផ្ដល់អាទិភាពសិទ្ធិ នៅក្រៅឃុំបណ្ដោះអាសន្ន សម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។

ក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «សម្ដេចតេជោ មានប្រសាសន៍ហើយ កាលពីថ្ងៃទី១៧ កន្លងទៅនេះ ទាក់ទងរឿងអ្នកទោសជាស្ដ្រី ហើយបញ្ហានេះយើងមិនទុក ពីព្រោះថា បើទុកយ៉ាងដូច្នេះ វានឹងបង្កើនភាពបន្ទុក ការទទួលខុសត្រូវរបស់យើង កាន់តែធ្ងន់ថែមទៀត។ ចឹងរកវិធីគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហានេះ បើសិនរាជរដ្ឋាភិបាល យើងខ្វះខាតច្បាប់ យើងស្នើរាជរដ្ឋាភិបាលធ្វើច្បាប់បន្ថែម។ តែយើងមិនទុកស្ថានភាព ដូចសព្វថ្ងៃនេះទេ»។

បន្ថែមពីនេះ សម្ដេច ស ខេង បានឲ្យដឹងថា ចំពោះបញ្ហាគ្រឿងញៀននៅកម្ពុជា ក្រសួងបន្តធ្វើទៅទៀតព្រោះឆ្នាំ២០២០ ធ្វើយ៉ាងណាកុំឲ្យគ្រឿងញៀនកើនឡើងវិញ ក្នុងក្លឹបកម្សាន្ដនានា ដោយសារបញ្ហាគ្រឿងញៀន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមជាតិ ។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចណ៍ មានកើតឡើងយ៉ាងគំហុក ព្រមទាំងមានការព្រួយបារម្មណ៍ផងដែរ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ពោលនៅខែកុម្ភៈ គ្រោះថ្នាក់ចរាចរាណ៍ មានការធ្លាក់ចុះយ៉ាងគំហុកទៅវិញ ៕ ដោយ ៖ អេង ប៊ូឆេង

To Top