ព័ត៌មានជាតិ

ក្រសួងបញ្ជាក់ថា អ្នកដំណើរនៅលើនាវាយក្សអាមេរិក មិនមានវិរុសកូរ៉ូណាឡើយ ក្រោយការពិនិត្យ យ៉ាងយកចិត្តទុកដាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សុខភាពអ្នកដំណើរនៅលើនាវាយក្សអាមេរិក Westerdam មានលក្ខណៈល្អប្រសើរ មិនមានវីរុសកូរ៉ូណាឡើយ បន្ទាប់ពីយកសំណាកទៅធ្វើតេស្ត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបានឲ្យដឹងថា “សំណាកអ្នកធ្វើដំណើរតាមនាវាខ្នាតធំរបស់ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី” ។

ជាមួយគ្នានេះ សុខភាពទូទៅរបស់ពួកគេមិនមាន បញ្ហាគួរឲ្យកត់សម្គាល់អ្វីឡើយ ពោលគឺមិនមានអ្នកឡើងកំដៅក្នុងខ្លួន ។

ក្នុងនោះបើគិតចាប់តាំងពីនាវា ចេញពីក្រុងហុងកុងមកមានរយៈពេល ១៩ថ្ងៃហើយ មកដល់ថ្ងៃ១៩ កុម្ភៈនេះ។

សេចក្តីប្រកាសក្រសួងបន្តថា ប្រតិបត្តិការសុខាភិបាល ដែលក្រសួងកំពុងធ្វើនេះ មានការសហការយ៉ាងជិតស្និតជាមួយ អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងទៀត ។

សូមបញ្ជាក់ថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចិនឡើងដល់ ២,០០៤នាក់ និងអ្នកឆ្លង៧៤,១៨៥នាក់ មកដល់ព្រឹកថ្ងៃទី១៩ កុម្ភៈ ។ ជាមួយគ្នានេះ បើតាមអាជ្ញាធរសុខាភិបាលចិន មានមនុស្ស ១៤,៣៧៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យ ចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ ៕

To Top