ព័ត៌មានជាតិ

Update៖ សម្ព័ន្ធសហជីពជាតិសង្ឃឹមថា EU នឹងលុបចោលវិញទាំងស្រុង នូវសេចក្ដីសម្រេច ដកប្រព័ន្ធអនុគ្រោះពន្ធ ដោយផ្នែកខ្លះពីកម្ពុជា

ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិកម្ពុជា (NTUC)សង្ឃឹមថា សហភាពអឺរ៉ុប នឹងសម្រេចលុបចោលវិញទាំងស្រុង នៃសេចក្ដីសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដោយផ្នែកខ្លះពីកម្ពុជា ដើម្បីទុកលទ្ធភាព ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធធ្វើការកែតម្រូវ ឬស្ដារឡើងវិញ នូវភាពអវិជ្ជមានមួយចំនួន។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ខណៈ ទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល។

តាមរយៈសេចក្ដីថ្លែងការណ៍ របស់សម្ព័ន្ធ សហជីពជាតិកម្ពុជា ស្ដីពី ការសម្រេចព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ការដកនូវផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA គឺបានជះឥទ្ធិពលអាក្រក់ ដល់សហជីព និងកម្មករ និយោជិត ក្នុងដំណើរនៃការចរចាដំឡើងប្រាក់ឈ្នួល ថ្មីនាពេលខាងមុខ សម្រាប់ឆ្នាំ២០២១ ដែលវាមិនអាច ធ្វើទៅបាននោះឡើយ ដូចនេះវារឹតតែ មិនបានជួយអ្វីដល់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការងារ និងទទួលប្រាក់ ឈ្នួលសមរម្យឡើយ ដែលវាជាបន្ទុកដ៏ធំ របស់កម្មករ និយោជិតខ្មែរ។

សេចក្ដីថ្លែងការណ៍ បានចោទជាសំណួរថា តើEU បាននិងកំពុងតែស្ដារ ឬជាន់ពន្លិច នូវសិទ្ធិទទួលបានការងារ និងប្រាក់ឈ្នួលសមរម្យ សម្រាប់កម្មករនិយោជិតខ្មែរឬ?

ក្នុងឱកាសនោះ សហជីពជាតិកម្ពុជា (NTUC) បានអំពាវនាវ ដល់សហភាពអឺរ៉ុប ឲ្យត្រួតពិនិត្យឡើងវិញ និងជាពិសេសសហរដ្ឋអាមេរិក(USA) អង្គការខាងការងារ (ILo) និងសហព័ន្ធសហជីព អន្តរជាតិនានា ត្រូវត្រួតពិនិត្យជំរុញ និងអំពាវនាវដល់សហគមន៍អឺរ៉ុប ដែលបានសម្រេច លម្អៀងនិងស្នើកុំឲ្យមានការអនុវត្ត នូវស្ដង់ដារ ពីរផ្សេងគ្នា ដែលធ្វើឲ្យប្រទេស ក្នុងតំបន់អាស៊ាននិងប្រទេសមួយចំនួន លើពិភពលោកសើចចំអក រិះគន់ លើការសម្រេចដល់យុត្តិធម៌ មួយនេះសម្រាប់ប្រទេសកម្ពុជា។

សម្ព័ន្ធសហជីពជាតិកម្ពុជា សង្ឃឹមយ៉ាងម៉ុតមាំថា “សភាសហភាពអឺរ៉ុប នឹងសម្រេចលុបចោល ទាំងស្រុង នៃការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) នូវផ្នែកខ្លះពីកម្ពុជា ដែលបានសម្រេចកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ដើម្បីទុកលទ្ធភាព ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធកែតម្រូវ ឬស្ដារលទ្ធិប្រជាធិបតេយ្យ ឡើងវិញ (សិទ្ធិមនុស្ស តុលាការ សេរីភាពសហជីព អង្គការសហគមន៍ និងរក្សារបាននូវ សេ្ថរភាពការងារ) ជូនបងប្អូនកម្មករនិយោជិតខ្មែរ”៕ ដោយ៖ធី លីថូ

To Top