ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញក្នុងកិច្ចប្រជុំ បូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់ រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយ រាល់ការងារជាអាទិភាពនានារបស់ស្ត្រី ៕

To Top