ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៥ នៅឡាវ ២ថ្ងៃ

ភ្នំពេញ៖ តបតាមលិខិតអញ្ជើញរបស់លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសឡាវ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសខ្មែរ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៥ដោយមានចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន និងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង លើកទី៥ នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ ដែលបានរៀបចំឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ 

ពិភាក្សាពីទិសដៅអនាគត របស់កិច្ចសហប្រតិបត្តិការនេះក្នុងគោលដៅជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងត្រៀមរៀបចំកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី៣ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងរីករាលដាល នៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ ហើយដែលនៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបអំពីព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជាវិធានការណ៍ ដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ នៅកម្ពុជា។

ការអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំខាងលើ របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមិនត្រឹមតែដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងកាលៈទេសៈដ៏លំបាកនៃការគំរាមកំហែង ដល់សុខភាពពិភពលោកប៉ុណ្ណោះទេ តែក៏បង្ហាញពីការគាំទ្រ និងទំនុកចិត្តមុតមាំរបស់កម្ពុជា ចំពោះវិធានការណ៍ចាំបាច់នានារបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនៃ ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះផងដែរ៕    

To Top