ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅ ខេត្តព្រះសីហនុដើម្បីទទួលស្វាគមន៍អ្នកដំណើរ លើនាវាMS Westerdam

ភ្នំពេញ៖ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam របស់សហរដ្ឋអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១៤ ខែ កុម្ភៈ ស្អែកនេះ ដើម្បីទទួលស្វាគមន៍អ្នកដំណើរលើនាវាMS Westerdamរបស់ អាមេរិក ក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣កុម្ភៈនេះថា”ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះ

សីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព”។

សម្ដេចតេជោបានបញ្ជាក់ថា”ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។សុំអរគុណអង្គការសុខភាពពិភពលោក

និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”។ 

សូមរំលឹកថានាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភៈព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19)។ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នាគឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។

សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ 

សម្តេចតេជោ បានបញ្ជាក់ថា”នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ”។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេគឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ធអាមេរិកផងដែរគឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាក ទទួលទានម្ហូបអាហារ និងសប្បាយរីករាយនៅពេលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top