ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម៖ ទំនិញកម្ពុជាតែ៤០មុខ ប៉ុណ្ណោះដែលត្រូវបង់ពន្ធ ខណៈជាង៩ពាន់មុខទៀត EUអនុគ្រោះពន្ធដដែល

ភ្នំពេញ៖ ក្រោយពីគណៈកម្មការអឺរ៉ុបផ្ដាច់ ប្រព័ន្ធអនុគ្រោះពន្ធចំនួន២០%ពីកម្ពុជានោះ ក្រសួងពាណិជ្ជកម្មបានចេញមុខអះអាថាមានទំនិញតែ៤០មុខ ប៉ុណ្ណោះដែលត្រូវបង់ពន្ធ ខណៈទំនិញជាង៩ពាន់មុខទៀតនៅតែ បន្តទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដដែល។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន នូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»របស់ក្រសួងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបានទទួលលិខិតលេខ Ares (2020) 868510 ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈកម្មការអឺរ៉ុប (European Commission) តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងអំពីនីតិវិធីនៃការព្យួរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញ មួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»។

សេចក្ដីនៃលិខិតនេះ បានគូសបញ្ជាក់អំពីមុខទំនិញចំនួន៤០ (សែសិប) មុខនៃបន្ទាត់ពន្ធ ៦ (ប្រាំមួយ) ខ្ទង់ ដែលផលិតនៅកម្ពុជាហើយមានសមត្ថភាពប្រកួតប្រជែងដែលអ្នកនាំចេញកម្ពុជាមានលទ្ធភាពអាចបង់ពន្ធនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប។ ទន្ទឹមនោះ នៅសល់មុខទំនិញប្រមាណជាង ៩.០០០ (ប្រាំបួនពាន់) មុខទៀត នៅតែទទួល បានភាពអនុគ្រោះពីសហភាពអឺរ៉ុបក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) ក្នុងគោលបំណងបន្ត ជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ។

តាមនីតិវិធីនៃបទប្បញ្ញត្តិស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន ៤០ មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើ ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ ២ (ពីរ)ខែជាបន្តទៀត ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្ដីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេលវេលា ២ (ពីរ)ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា។

តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង ៤០មុខ ទៅ កាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឲ្យព្យួរសម្បទានពន្ធជាបណ្ដោះ អាសន្ននៅចុងឆ្នាំ២០២០ មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល ដោយសារ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនូវកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩៕

To Top