ព័ត៌មានជាតិ

កម្ពុជា សោកស្ដាយចំពោះ សេចក្ដីសម្រេចដ៏អយុត្តិធម៌ របស់អឺរ៉ុប ពាក់ព័ន្ធនឹងការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA

ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មការអឺរ៉ុប (EU) សម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការសោកស្ដាយ ចំពោះសេចក្ដីសម្រេចដ៏អយុត្តិធម៌ របស់ EU ពាក់ព័ន្ធនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងថា ការសម្រេចនេះ ត្រូវបានជំរុញដោយ ហេតុផលនយោបាយ គ្មានការពិចារណា ប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុង របស់ក្រសួងការបរទេសកម្ពុជាស្តីពីសេចក្តីសម្រេចរបស់ គណៈកម្មការអឺរ៉ុប ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA ៖

រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយចំពោះសេចក្ដីសម្រេច ដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ន នូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។

ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពី
តថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធី ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណា ប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង។ កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាគណៈកម្មការអឺរ៉ុប ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពី ការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀប ប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។

ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់ “វឌ្ឍនភាពជាក់ស្តែង” ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់ របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាន នៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃ ការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរ ដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរ គោលការណ៍ក្នុងការបដិសេធ រាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លើកលែងតែដំណើរការ នៃនីតិវិធីតុលាការមួយគត់ដែល កំពុងត្រូវបានអនុវត្តដោយអនុលោម យ៉ាងពេញលេញតាមច្បាប់កម្ពុជា និងស្ថិតនៅក្រោមយុត្តាធិការ នៃអំណាចឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមានរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលបានស្តែងចេញ ក្នុងដំណាក់កាលនៃកិច្ចសន្ទនា គឺមានខ្លឹមសារគួរឱ្យកត់សម្គាល់ លើសពីអ្វីដែលជាក្តីកង្វល់ របស់សហភាពអឺរ៉ុបទៅទៀត។

ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ថា មានវឌ្ឍនភាពជាក់លាក់នោះ ក៏រាជរដ្ឋាភិបាលនៅតែបន្ត ដោះស្រាយកង្វះខាតនានា ដែលនៅសេសសល់បន្ថែមទៀតដែរ។

ចំពោះលំហនយោបាយវិញ រាជរដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ប្រកបដោយភាពស្មោះត្រង់ លើកលែងតែសកម្មភាព ទាំងឡាយណាដែលប៉ះពាល់នឹង
អធិបតេយ្យជាតិប៉ុណ្ណោះ។ ដើម្បីទុកជាកំណត់ហេតុ និងឈរលើគោលការណ៍តម្លាភាព កម្ពុជាសូមគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវប្រព័ន្ធ ប្រជាធិបតេយ្យពហុបក្ស ដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយបង្អស់ នៅឆ្នាំ២០១៨។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអង្គការ មិនមែនរដ្ឋាភិបាលក្នុងស្រុក និងសមាគម ដែលបានចុះបញ្ជីចំនួន ៥.៤៤១ ស្ថាប័នសារព័ត៌មានចំនួន ៨០០ សារព័ត៌មានអនឡាញចំនួន ៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២២ និងស្ថានីយ៍វិទ្យុចំនួន ៣៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស តែបីគត់នៅអាស៊ាន ដែលបាន ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង ៨ ក្នុងវិស័យការងាររបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលអនុញ្ញាតឱ្យកម្មករមាន សហជីពចុះបញ្ជីដល់ទៅ ៥.០៤៥។ តួលេខទាំងអស់នេះមិនមែន គ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាជា “ភស្តុតាងយ៉ាងច្បាស់” ថា ប្រជាជនកម្ពុជានៅពេលនេះកំពុង ទទួលអំណរជាមួយនឹងសេរីភាពនយោបាយ លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានសេចក្តីរំខាន។

ទោះបីជាមានសេចក្តីសម្រេច របស់គណៈកម្មការអឺរ៉ុប លើបញ្ហាពាណិជ្ជកម្មនេះក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនង របស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មី ពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ខ្លួន ក្នុងការបន្តអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងតំបន់ ៕

To Top