ព័ត៌មានជាតិ

ប្រធានការិយាល័យអប់រំស្រុកឈូក ជិះឡានបុកមនុស្សស្លាប់និងរបួស មិនព្រមចូលខ្លួនដោះស្រាយ

ភ្នំពេញ៖ ប្រធានការិយាល័យអប់រំស្រុកឈូក ខេត្តកំពត លោក ចេង ប្រាង បានបើកបររថយន្តយ៉ាង លឿនបុកជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសម្នាក់ ហើយមិនព្រមចូលខ្លួន មកដោះស្រាយទៅ តាមនីតិវិធីច្បាប់ ថែមទាំងបោះសម្តី ប្រមាថមាក់ងាយជនរងគ្រោះថា បុកមនុស្សស្លាប់បង់តែបីលាន គឺជាការគ្រប់គ្រាន់ហើយ។

យោងតាមការៀបរាប់ របស់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅភូមិ ខ្នាញរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ដែលបង្កឡើងដោយរថយន្ត ម៉ាកហាយឡែនឌឺ ពាក់ស្លា លេខ2x-៤៥៣៦ បើកបរដោយជនសង្ស័យឈ្មោះ ចេង ប្រាង ដែលមានតួនាទី ប្រធានការិយាល័យអប់រំស្រុកឈូក អមដំណើរដោយស្រ្តីម្នាក់ និងក្មេងម្នាក់បានធ្វើដំណើរ ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿង ពាក់ស្លាលេខកំពត1N-៤៣២៦ ដែលកំពុងឈប់នៅស្ងៀម នៅខាងត្បូងថ្នល់ ដែលមានអ្នកជិះចំនួនពីរនាក់ប្តីប្រពន្ធ ដោយក្នុងនោះ បានបណ្តាលឲ្យម្នាក់ស្លាប់ត្រូវជាប្រពន្ធ និងប្តីរងរបួសធ្ងន់។

ជនរងគ្រោះដែលស្លាប់ គឺមានឈ្មោះប៉ាង សាមឿន ហៅយាយអ៊ិត ត្រូវជាប្រពន្ធ និងអ្នករងរបួសមាន ឈ្មោះ កែប មុំ ត្រូវជាប្តី ខណៈនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តាមសម្តីដែលជាកូនរបស់ជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះកើតភ្លាមៗ គេបានសង្កេតឃើញជនបង្ក ដែលបើកបរឡានម៉ាកខាងលើនេះ ត្រូវបានរត់គេចខ្លួន ដោយមានឈ្មោះ ហ៊ុន ស៊ីណារ៉េត ហៅ ខាក មានតួនាទីជានាយកសាលា អនុវិទ្យាល័យក្រាំងស្នាយ ជាអ្នកដឹកជនបង្ករត់គេចខ្លួន។

ដោយករណីនេះ បានកើតឡើងជិតពីរសប្តាហ៍ហើយនោះ ក្រុមគ្រួសារជនរងគ្រោះបាន ដាក់ពាក្យបណ្តឹង ទៅអធិការស្រុកឈូក ដើម្បីនាំជនបង្កមកដោះស្រាយ ប៉ុន្តែរហូតមកដល់ ពេលនេះជនបង្កនៅតែមានសេរីភាព ហើយថែមទាំងបោះសម្តី ប្រមាថមាក់ងាយជនរងគ្រោះ ថាបុកខ្មោចស្លាប់ គឺបង់តែ៣លានរៀល ខណៈក្រុមគ្រួសារទាមទារសំណង ចំនួន១៦០លានរៀល។

យ៉ាងណាក៏ដោយ ក្រុមគ្រួសារជនរងគ្រោះ បានធ្វើការអំពាវនាវ ដល់ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ខណៈករណីនេះហាក់បី ដូចជានៅស្ងាត់ស្ងៀម គ្មានដំណោះស្រាយណាមួយសមស្របនោះ៕

To Top