ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ៖ ពលរដ្ឋមកលេងកំសាន្ត នៅឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ឬបោះតង់ បានដោយសេរី គ្មានអស់លុយ

ភ្នំពេញ ៖ អភិបាល ខេត្តព្រះសីហនុ លោកគួច ចំរើន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត នៅឆ្នេរសមុទ្រ អាចក្រាលកន្ទេល ឬបោះតង់ បានដោយសេរីមិនអស់លុយនោះទេ ប៉ុន្តែត្រូវចូលរួមទុក ដាក់សំរាមឲ្យបានស្អាត ។

លោកគួច ចំរើន បានសរសេលើបណ្តាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី១១ កុម្ភៈយ៉ាងដូច្នេះថា ” ប្រជាពលរដ្ឋ ដែលមកកំសាន្ដតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេង បានដោយសេរី មិនគិតសេវាឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់សំរាមអោយបានស្អាត” ។

នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០លោក គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូនដែលមកលេងកំសាន្ដ អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ហើយមិនអនុញ្ញាត អោយមានការវាតទី ធ្វើជាកម្មសិទ្ធរបស់ បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់អោយបងប្អូន មកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមអោយអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និង វេចខ្ចប់ សម្អាតបានល្អ ។

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា នឹងធ្វើការរក្សានិងរៀបចំសម្បត្តិធម្មជាតិ ដែលជាសក្តានុពល សម្រាបការទាក់ទាញ់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិទៅ ទស្សនាឲ្យ បានច្រើន ។

ចំណែកលោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តព្រះសីហនុ បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែកុម្ភៈនេះយ៉ាងដូច្នេះថា៖ «ការកសាងផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុង ខេត្តព្រះសីហនុ ត្រូវបានអនុវត្តដោ យរក្សាបាន នូវសក្តានុពលធម្មជាតិ និងបរិស្ថាន ដូចជាតំបន់ឆ្នេរសមុទ្រ ពយទេសភាពនគរូបនីយកម្ម ជាពិសេសត្រូវបានតភ្ជាប់សក្តានុពល តំបន់ឆ្នេរឲ្យមានទំនាក់ទំនងគ្នា តាមរយៈការស្ថាបនាផ្លូវ និងស្ពាន»។

លោកបន្តថា ជាលទ្ធផលឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឆ្នេរអ្នកតាក្រហម-ក ពយជំទាវម៉ៅ តំបន់រាម និងតំបន់ឆ្នេររាម នឹងក្លាយជាផ្នែកមួយនៃទីក្រុងដ៏មានសក្តានុពល បង្កើតបានជាតំបន់ ទេសចរណ៍ តំបន់សាធារណៈដែលក្លាយជាចំណុចទាក់ទាញទេសចរ តាមរយៈការតភ្ជាប់វិថី មហាវិថី និងស្ពាន ៕ ដោយ៖ ស សំណាង

To Top