ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាគម្រោង ធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទ ផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយ ថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិកជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ៕

To Top