ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ នឹងដាក់ពាក្យបណ្ដឹង ទៅអគ្គស្នងការនគរបាលជាតិ ក្រោយមានអ្នកផ្ញើសារ គំរាមសម្លាប់

ភ្នំពេញ៖ បន្ទាប់ពីមានអ្នកផ្ញើសារគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រកាសថាលោកនឹងដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងស្រាវជ្រាវរកមុខអ្នកដែលគំរាមសម្លាប់នោះឲ្យទាល់តែឃើញ។

 ការប្រកាសរបស់ លោក ពេជ្រ ស្រស់ បែបនេះបានធ្វើឡើងក្រោយពីមានអាខោនFacebookឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ ក្រោយពីលោក ស្នើដល់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកាលពីពេលកន្លងទៅ។

 លោក ពេជ្រ ស្រស់ បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ ២០២០នេះថា “ក្រោយមានការគំរាមសម្លាប់លើរូបខ្ញុំដែលខ្ញុំបានស្នើឲ្យឯ.ឧ នេត សាវឿន ឲ្យពន្លឿនតាមចាប់ឃាតករសម្លាប់គូរដណ្តឹងខ្លួនឯងនោះគឺខ្ញុំសម្រេចដាក់ពាក្យបណ្តឹង២ករណីដូចខាងក្រោម៖ករណីទី១, ប្តឹងឲ្យឯ.ឧ នេត សាវឿនពន្លឿនតាមចាប់ឃាតករដែលសម្លាប់គូរដណ្តឹងខ្លួនឯងនោះមកដាក់ទោសឲ្យខាងតែបានតាមផ្លូវច្បាប់នៃកម្ពុជាករណទី២, ប្តឹងឲ្យឯ.ឧ នេត សាវឿនស្រាវជ្រាវស្វែងរកជនគំរាមសម្លាប់ខ្ញុំដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន នៃ ខ្ញុំពីព្រោះថាអ្នកគំរាមគឺមិននៅឆ្ងាយពីឃាតករនោះឡើយ” ។

ទាក់ទិនករណីនេះ លោក ហាក់ ម៉ៅ ដែលត្រូវជាឪពុកក្មេករបស់ម្ចាស់អាខោនFacebookឈ្មោះ វណ្ណារ៉េត ផាន់ បានបដិសេធថាការផ្ញើសារគំរាម សម្លាប់មិនមែនជាទង្វើរបស់កូនប្រសាររបស់លោកនោះទេ ដោយលោកអះអាងថា អាខោនហ្វេសប៊ុករបស់កូនប្រសារ របស់លោកត្រូវបានគេហែក ។

ក្នុងនាមជាជនរងគ្រោះដូចគ្នា លោក ហាក់ ម៉ៅ ឯកភាពចំពោះការដាក់ពាក្យប្ដឹងរបស់លោក ពេជ្រ ស្រស់ ដើម្បីរកយុត្តិធម៌ទាំងអស់គ្នា ជាពិសេសដើម្បីវែកមុខជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

To Top