ព័ត៌មានជាតិ

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ចុះកិច្ចសហប្រតិបត្តិការ ជាមួយ Hello គ្រូពេទ្យ បង្កើនចំណងមិត្តភាព កាន់តែប្រសើរឡើង

ភ្នំពេញ ៖ ដើម្បីបង្កើននូវចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និង Hello គ្រូពេទ្យ បានចុះកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ក្នុងការជួយបន្តផ្សព្វផ្សាយ ចំណេះដឹង ជាពិសេសផ្នែកសុខភាពឲ្យកាន់តែទូលំទូលាយដល់មិត្តអ្នកអាន ក៏ដូចជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ឲ្យកាន់តែមានការយល់ដឹង ពីទិកនិកនៃការការពារ និងថែទាំសុខភាព របស់ពួកគាត់ឲ្យល្អប្រសើរ ។

លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិលបានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានសហការជាមួយ គេហទំព័រ Hello គ្រូពេទ្យ ដែលជាគេហទំព័រសុខភាពថ្មី មានស្ដង់ដារខ្ពស់ មកពីអង់គ្លេស ហើយក៏ជាវេបសាយមួយ មានឯកទេសជំនាញខាង សរសេរស្រាវជ្រាវ លើអត្ថបទសុខភាព ដែលប្រការនេះនឹងឲ្យមិត្តអ្នកអានគេហទំព័រ សារព័ត៌មានដើមអម្ពិល (https://www.dap-news.com/) & គេហទំព័រ LOOKINGTODAY (https://www.lookingtoday.com/) មានទំនុកចិត្តថ្មីបន្ថែមទៀតទៅលើ អត្ថបទពាក់ព័ន្ធសុខភាព ដែលជាបញ្ហាមួយ ដ៏ចម្បងសម្រាប់ពលរដ្ឋខ្មែរ ទូទាំងប្រទេស។

លោក ជីព ចិត្ត និពន្ធនាយក និងប្រធានយុទ្ធសាស្ត្រឌីជីថល របស់ Hellokrupet បានលើកឡើងថា ការចុះកិច្ចសហប្រតិបត្តិការជាមួយ គេហទំព័រធំៗ២ គឺ Dap-news (ដើមអម្ពិល)និង LOOKINGTODAY នេះ ជាការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ទាំងអ្នកកាសែត ក៏ដូចជាអ្នកផលិត។

លោកបន្តថា ផ្នែកសំខាន់ផ្សេងទៀត ក្នុងនាមជាដៃគូព័ត៌មាន ផ្លូវការមានការចូលរួម ស្ទួយកម្មសិទ្ធិបញ្ញា កាត់បន្ថយព័ត៌មានមិនពិត បង្កើនទំនុកចិត្ត គុណភាពសាច់ រឿងដែលផ្សាយជួយបន្តផ្សព្វផ្សាយ រុញផលប្រយោជន៍ ខាងចំណេះដឹងផ្នែកសុខភាព ព្រោះផ្នែកនេះ នៅមានកម្រិតនៅឡើយ តែបើរាប់លើស្ដង់ដារ និងវិជ្ជាជីវៈអាច ទុកចិត្តបាន ។

ជាមួយគ្នានោះដែរ នាយកគ្រប់គ្រងផ្នែកបច្ចេកទេស ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង (DAP Advertising Co,.Ltd) លោក សយ រិទ្ធី បានឲ្យដឹងថា ការចុះកិច្ចសហប្រតិបត្តិការនេះ ដើម្បីបង្កើនចំណងមិត្តភាព រវាងស្ថាប័ននិងស្ថាប័ន ឲ្យកាន់តែ មានភាពស្អិតរមួតជាមួយគ្នា ព្រមទាំងមានទិសដៅរួម ក្នុងការចែករំលែកចំណេះដឹង ជាពិសេសចំណេះដឹង ផ្នែកសុខភាព ឲ្យកាន់តែយល់ដឹងច្បាស់ ទៅដល់ពលរដ្ឋខ្មែរពីទិកនិកនៃការការពារ និងការថែទាំសុខភាព របស់ពួកគាត់ ឲ្យល្អប្រសើរថែមទៀត ពីព្រោះសុខភាព គឺជារឿងសំខាន់និងចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែយកចិត្តទុកដាក់ជានិច្ច។

ក្រុមហ៊ុន DAP Advertising Co,.Ltd ជាបណ្ដាញចែកចាយព័ត៌មានពិត និងផ្ដល់នូវទំនុកចិត្ត ព័ត៌មានជាតិ សុខភាព និងអន្តរជាតិ ដល់ប្រិយមិត្តអ្នកអាន គ្រប់លំដាប់ថ្នាក់។ លើសពីនេះក្រុមហ៊ុន ក៏មានទទួលការផ្សព្វផ្សាយ ពាណិជ្ជកម្ម សម្រាប់បណ្ដាក្រុមហ៊ុននានា ដែលមានបំណងចង់ ផ្សព្វផ្សាយលើគេហទំព័រ ដើមអម្ពិល សូមទំនាក់ទំនងតាម រយៈលេខទូរស័ព្ទ ០១២ ៧២២ ៣៧៧ ឬ តាមរយៈអ៊ីម៉ែល soyvicheth@gmail.com

ដោយឡែក គេហទំព័រ LOOKINGTODAY (https://www.lookingtoday.com/) ជាគេហទំព័រព័ត៌មានទម្រង់ E-Magazine ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដែលផ្ដោតទៅលើការកម្សាន្ត សិល្បៈ កីឡា សុខភាព ចំណេះដឹទូទៅ និងព័ត៌មានប្លែកៗ។ ជារៀងរាល់ថ្ងៃ អ្នកចូលអានជាច្រើនម៉ឺននាក់ សុទ្ធសឹងជាសិស្ស និស្សិត និងយុវវ័យ ។

សូមជម្រាបថា Hello គ្រូពេទ្យ https://hellokrupet.com/ ជាបណ្ដាញសារព័ត៌មាន របស់Hello Health Group បានបង្កើតឡើង ចុងឆ្នាំ ២០១៨ ហើយថ្វីត្បិតទើបដំណើរ ការមិនដល់១ឆ្នាំក៏ពិតមែន ប៉ុន្តែទទួលបានការចុចចូលមើលរាប់លានដង ក្នុងមួយខែៗ ខណៈការផ្ញើសារឆ្លើយឆ្លងសំណួរផ្នែកសុខភាព តាមផេកហ្វេសប៊ុកវិញ មានដល់រាប់ពាន់ សំណួរឯណោះ ក្នុងមួយខែៗ ហើយតួលេខនេះ បន្តកើនឡើងជាប្រចាំ ៕

To Top