ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តត្រង់ផ្លូវបែកជា៤

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្តនិងម៉ូតូ នៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យ យុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ផងដែរ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះនៅលើកំណាត់ផ្លូវលេខ១៩៣ កែងនិងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ អ៊ី ស្មាអែល អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិវិហាសំបូ ឃុំរកា ពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណែកអ្នកអ្នករងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ដោយធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៣៨៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជា៤ បានបុកជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ស៊េរីទំនើបំ ពណ៌ស ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីកើតទៅលិច បណ្តោលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត
រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា នៅពេលក្រោយ ចំណែកសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕

To Top