ព័ត៌មានជាតិ

លោក កឹម សុខា ៖ ខ្ញុំចង់បានយុត្តិធម៌ពិត និងដោះស្រាយបញ្ហាឲ្យឆាប់រហ័ស

ភ្នំពេញ ៖ មុនចូលខ្លួន ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ លោក កឹម សុខា បានថ្លែងថា លោកចង់បានយុត្តិធម៌ពិតប្រាកដ និងដោះស្រាយបានឆាប់រហ័ស ដើម្បីមានឱកាស ចូលរួមដោះស្រាយបញ្ហាប្រទេសជាតិ។

សំណុំរឿងក្ដីរបស់លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ ឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកជំនុំជម្រះ កាលពីថ្ងៃទី១៥ មករា។

មុនចាកចេញ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មករា លោក កឹម សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំចង់បានយុត្តិធម៌ ដើម្បីឲ្យឆាប់បានរហ័ស អាងខ្ញុំមានឱកាស ដើម្បីចូលរួមដោះស្រាយបញ្ហា កិត្យានុភាពរបស់ប្រទេសជាតិផង និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរផង»។

សូមរំលឹកថា ក្រោយបញ្ចប់ដំណើរការសវនាការ កាលពីថ្ងៃ១៥ មករា បានបង្ហាញលទ្ធផលថា លោក កឹម សុខា ទទួលស្គាល់សំឡេង និងរូបភាពរបស់លោក បង្ហាញពីការនិយាយ អំពីការបង្រៀនដល់ពលរដ្ឋពីបដិវត្តន៍ តែយ៉ាងណា លោកស្នើឲ្យមានការចាក់ផ្សាយវិដេអូពេញ ដែលមានរយៈពេលជាងមួយម៉ោង ព្រោះលោកជឿថា វិដេអូជាង១០នាទីដែលចោទថា លោកក្បត់ជាតិនោះ មានការកាត់តជាកង់ៗ៕ ដោយ៖ អេង ប៊ូឆេង

To Top