ព័ត៌មានជាតិ

ថ្ងៃបើកសវនាការ លោក សម រង្ស៊ី ឲ្យពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ទាមទារឲ្យទំលាក់បទចោទ ប្រកាន់ លោក កឹម សុខា

ភ្នំពេញ ៖ នៅថ្ងៃតុលាការ កំពុងដំណើរការសវនាការ ជំនុំជម្រះក្តីក្បត់ជាតិ លើលោក កឹម សុខា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ លោក សម រង្ស៊ី បានស្នើប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស រួមគ្នាជាធ្លុងមួយ ដើម្បីទាមទារឲ្យមានការទំលាក់ បទចោទប្រកាន់មកលើលោក កឹម សុខា ។

លោក សម រង្ស៊ី តាមរយៈវិដេអូឃ្លីបជាង១០នាទី បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃ១៥ មករានេះ លោកលើកឡើងថា “ដើម្បីគាំទ្រយុត្តិធម៌ចំពោះលោក កឹម សុខាផង ចំពោះគណបក្សសង្រ្គោះជាតិផង ចំពោះប្រជារាស្រ្តខ្មែរផង ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ ដែលស្រឡាញ់យុត្តិធម៌ ស្រឡាញ់សេរីភាព លទ្ធិប្រជាធិបតេយ្យរួមគ្នាជាធ្លុងមួយ ទាមទារទាំងអស់គ្នាឲ្យគេទំលាក់ចោលការចោទប្រកាន់លោក កឹម សុខា ហើយឲ្យគេបើកផ្លូវឲ្យគណបក្សសង្រ្គោះជាតិ ដំណើរការឡើងវិញ”។

លោកថា មានតែគណបក្សសង្រ្គោះជាតិទេ ដែលអាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន តាមបែបប្រជាធិបតេយ្យ គឺប្តូរចេញពីរបបផ្តាច់ការ ។

ជាមួយគ្នានេះ ក៏បានស្នើកុំឲ្យពលរដ្ឋទៅគាំទ្រគណបក្សតូចៗ និងគណបក្សបង្កើតថ្មីៗ ព្រោះបង្កើតបក្សថ្មីនេះ គឺជាល្បែងនយោបាយប៉ុណ្ណោះ ៕

To Top