ព័ត៌មានជាតិ

ស៊ុយអ៊ែតប្ដេជ្ញា បន្តកិច្ចសហប្រតិបត្តិការ លើវិស័យការងារជាមួយកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត

ភ្នំពេញ៖ លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែល្អប្រសើរជាងមុន ពិសេសលើគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលកំពុងអនុវត្តនៅកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការងារ បានឲ្យដឹងថា ទន្ទឹមនឹងគ្នានេះដែរ កម្ពុជា-ស៊ុយអែត បានបង្ហាញការវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការដ៏ល្អ នាពេលកន្លងមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានសន្យាពង្រឹងនូវទំនាក់ទំនង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀត ដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយ ក្នុងការធានាបាននូវសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តីបានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនស៊ុយអែត ដែលជួយផ្តល់ការគាំទ្រដល់កម្ពុជា ។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូតស៊ុយអែតថ្មី បានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនង លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងស៊ុយអែត ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍន៍ទាំងឡាយ ដែលធ្វើឡើងតាមរយៈអង្គការSIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងការបង្កើតមជ្ឈមណ្ឌលការងារ នៅតាមបណ្ដារាជធានី-ខេត្តនានា។

កម្ពុជាបាននិងកំពុង បន្តការគាំទ្រយ៉ាងសកម្ម ដល់កិច្ចព្រមព្រៀងសកល (Global Deal) របស់រដ្ឋាភិបាលស៊ុយអែត ដែលជាគំនិតផ្តួចផ្តើមសកល និងមានគោលបំណងក្នុងការដោះស្រាយរួមគ្នា នូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូប អាចទទួលបានផលប្រយោជន៍ ពីសាកលភាវូបនីយកម្ម។

ជាការពិតណាស់ កិច្ចសន្ទនាសង្គមមិនមែនជាយន្តការថ្មី ក្នុងការអនុវត្តការងារ ក្នុងការគ្រប់គ្រង និងដោះស្រាយ នូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជានោះទេ។ កម្ពុជាបាននិងកំពុងប្រើប្រាស់យន្តការនេះ ក្នុងក្របខណ្ឌជាច្រើនដូចជា៖ យន្តការគ្រប់គ្រង របស់បេឡាជាតិរបបសន្តិសុខសង្គម យន្តការនៃការដោះស្រាយវិវាទការងារ យន្តការនៃការចរចា កំណត់ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីនៃការតាក់តែងច្បាប់ និងគោលនយោបាយនានា ដែលធ្វើទ្បើងដោយមានការពិភាក្សា និងចូលរួមពីត្រីភាគី។ល។

លោក អ៊ិត សំហេង លើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់ការគំាទ្រ គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តពង្រឹងការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

-ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក ក្នុងការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាព ក្នុងកិច្ចសន្ទនាសង្គម។

-ពង្រឹងការអនុវត្តច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលជាក្របខ័ណ្ឌគតិយុត្តិរឹងមាំ ក្នុងការការពារប្រកបដោយនិរន្តរភាព នូវប្រាក់ឈ្នួលរបស់កម្មករ និយោជិត និងធានានូវការប្រើប្រាស់ យន្តការចរចាត្រីភាគី តាមបែបប្រជាធិបតេយ្យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យ បែបវិទ្យាសាស្រ្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

-ពង្រឹងយន្តការដោះស្រាយវិវាទការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ទាំងនៅដំណាក់កាលផ្សះផ្សារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាននូវយុត្តិធ៌មការងារ កាត់បន្ថយបាននូវបញ្ហាប្រឈម រវាងនិយោជក និងកម្មករនិយោជិត ឬតំណាងរបស់ពួកគេ ក៏ដូចជាបង្កើនភាពជឿជាក់មកលើប្រព័ន្ធ ដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធ ដែលកាន់តែធ្វើឱ្យវប្បធម៌ នៃកិច្ចសន្ទនាសង្គមមានភាពរឹងមាំ។

-បន្តពង្រឹងយន្តការអធិការកិច្ចការងារ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការគោរពលក្ខខណ្ឌការងារ និងសិទ្ធការងាររបស់កម្មករនិយោជិត និងនិយោជក ទប់ស្កាត់ ក៏ដូចជាបង្ការមិនឱ្យមានបញ្ហាផ្សេងៗ ដែលឈានទៅរកវិវាទ និងការតវ៉ានានា។

-ជំរុញការអនុវត្តន៍គោលនយោបាយ គាំពារសិទ្ធិនិងផលប្រយោជន៍ របស់ពលករទេសន្តប្រវេសន៍ ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចជាតំបន់ និងជាមួយប្រទេសពាក់ព័ន្ធ ដើម្បីការពារពលករកម្ពុជា ដែលធ្វើការនៅបរទេស។

-បន្តចូលរួមអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងយន្តការផ្លាស់ប្តូរការប្រឹក្សាគ្នា រវាងអ្នកប្រើប្រាស់សេវា អ្នកគ្រប់គ្រង និងផ្តល់សេវា ក៏ដូចជាអ្នកដែលមានកាតព្វកិច្ច ផ្តល់ការឧបត្ថម្ភសេវា។ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានា សំដៅគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងគាំពារវិស័យការងារ៕

To Top