ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ អតីតសិស្ស សាលាបាក់ទូក បាននាំគ្នា ទៅសួរសុខទុក្ខ មិត្តរួមជំនាន់ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ប្រទេស វៀតណាម!

ភ្នំពេញ៖ ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញក្រុមអតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូក មួយក្រុម ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នា យ៉ាងជិតស្និត និងចែករំលែកជួយទុក្ខធុរៈគ្នាជាប់ជាប្រចាំមិន ដែលមានខាន នៅពេលដែលមានមិត្តណាម្នាក់ របស់ពួកគាត់ជួបការលំបាក លើសពីនេះពួកគាត់តែងគៀងគគ្នា ប្រារព្ធនូវពិធីជួបជុំអតីតមិត្ត រួមជំនាន់និង អតីតលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ ព្រមទាំងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ អតីតលោកគ្រូអ្នកគ្រូរបស់ ពួកគាត់ជាប់ជាប្រចាំមិនដែលមានខានដូចគ្នា។

ជាថ្មីម្តងទៀត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ អតីតសិស្ស សាលាបាក់ទូក ជាច្រើនរូប បាននាំគ្នា ទៅសួរសុខទុក្ខអ្នកស្រី រឿន សូនី ដែលជាមិត្តរួមជំនាន់ កំពុងសម្រាក ព្យាបាលជម្ងឺ ធ្លាយសរសៃឈាមក្នុងខួរក្បាល នៅមន្ទីរពេទ្យ Bệnh Viện Đa Khoa Nam Sài Gòn ប្រទេសវៀតណាម។

ក្នុងឱកាសសួរ សុខទុក្ខនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តំណាងឲ្យអតីតសិស្សមិត្តរួម ជំនាន់សាលាបាក់ទូក បាននាំយកនូវ ថវិកាចំនួន ៤៥០០ដុល្លារ ដែលបានមកពីការចូលរួម របស់អតីតសិស្សមិត្ត រួមជំនាន់ ប្រគល់ជូន អ្នកស្រី រឿន សូនី ទុកជាការដោះស្រាយ សម្រាលបន្ទុកព្យាបាលជម្ងឺ របស់គាត់ផងដែរ។

សកម្មភាពយកចិត្តទុកដាក់ និងចែករំលែក ធនធានជួយ មិត្តដែលមាន អាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ ក្នុងក្រុម ស្របតាមពាក្យ ស្លោកដែលពួកគាត់ បានរួមគ្នាបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក “៕

To Top