ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ថា ការការពារខ្លួន មិនចាត់ទុកជាការ បង្កើតសង្រ្គាមនោះទេ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការការពារខ្លួនគឺមិនចាត់ទុក ជាការបង្កើតសង្រ្គាមនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញការការពារខ្លួន គឺជាការទប់ស្កាត់ កុំឲ្យមាន ការឈ្លានពាន មកលើអធិបតេយ្យខ្លួនតែប៉ុណ្ណោះ ជាពិសេស គឺត្រូវតែជៀសឲ្យឆ្ងាយ ពីការធ្វើឲ្យកើតសង្រ្គាម ជាមួយនឹងជាតិសាសន៍ខ្លួនឯង គឺវានិងកើតក្តីអន្តរាយ ដល់ជាតិនិងប្រជាពលរដ្ឋ។

ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបែបនេះ ស្របពេលដែលសង្គ្រាមពាក្យសម្ដី និងប្រដាប់អាវុធ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសអ៊ីរ៉ង់ បាននិងកំពុងកើនកម្ដៅខ្លាំង ក្រោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធអាមេរិក វាយប្រហារតាមអាកាស នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដើម្បីសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកងកម្លាំង Quds Force នៃកងកំលាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី៨មករានេះ ដែលមានខ្លឹមសារទាំងស្រុងថា កាលបើមានសង្រ្គាមហើយ គឺមិនងាយស្រួលក្នុងការពន្លត់នោះទេ ហើយអាសង្រ្គាមនេះ មិនមែនជាមូលដ្ឋាន ក្នុងការធ្វើឲ្យប្រជាបានសុខនោះឡើយ ប៉ុន្តែក៏មិនអាចសម្ងំ មិនឲ្យកើតសង្រ្គាមបានដែរ បើប្រទេសជាតិទាំងមូល ត្រូវបានជនបរទេសឈ្លានពានហើយនោះ ដូច្នេះការការពារខ្លួន គឺមិនចាត់ទុកជាការបង្កើតសង្រ្គាមនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ ការការពារខ្លួន គឺជាការទប់ស្កាត់ កុំឲ្យមាន ការឈ្លានពាន មកលើអធិបតេយ្យខ្លួនតែប៉ុណ្ណោះ ជាពិសេស គឺត្រូវតែជៀសឲ្យឆ្ងាយ ពីការធ្វើឲ្យកើតសង្រ្គាម ជាមួយនឹងជាតិសាសន៍ខ្លួនឯង គឺវានិងកើតក្តីអន្តរាយ ដល់ជាតិនិងប្រជាពលរដ្ឋ៕

To Top