ព័ត៌មានជាតិ

ស្រ្តីម្នាក់ ដឹកនាំកម្លាំងប្រជាពលរដ្ឋ វាយហែករបងយ៉ាងបំពាន ចូលកាន់កាប់ដី៨ឡូតិ៍ ដែលមានម្ចាស់កម្មសិទ្ធិ ស្របច្បាប់នៅ សង្កាត់ទួលសង្កែ

ភ្នំពេញ៖ នៅថ្ងៃទី៥ខែមករា ឆ្នាំ ២០២០នេះ មានករណីស្រ្តីម្នាក់ ដែលមិនបង្ហាញ អត្តសញ្ញាណ ពាក់ម៉ាស់ ដើម្បីព្យាយាមបិទបាំងមុខ បានដឹកនាំកម្លាំង ប្រជាពលរដ្ឋមួយក្រុម ធ្វើការវាយហែករបង យ៉ាងបំពានមិនខ្លាច ញញើតច្បាប់ ចូលលុកលុយកាន់កាប់ លើដីចំនួន៨ឡូតិ៍ ស្ថិតនៅលើផ្លូវ ជា សុផារ៉ា ចំណុចសង្កាត់ ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈដែលម្ចាស់ទីតាំងដី ទាំងនោះមានបណ្ណកម្មសិទ្ធិ កាន់កាប់ស្របច្បាប់ ដែលចេញដោយអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។

ម្ចាស់ដីរងគ្រោះទាំង៨ឡូតិ៍ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថាពួកគាត់សុទ្ធសឹង ជាគ្រូបង្រៀន មន្រ្តីរាជការ និងជាម្ចាស់កម្មសិទ្ធិ ដីស្របច្បាប់ មានការទទួលស្គាល់ វាស់វែងបែងចែក ត្រឹមត្រូវនិងទទួលបាន ការការពារពីអាជ្ញាធរ ទៀតផងហេតុអ្វីស្រាប់តែ នៅថ្ងៃនេះមានស្រ្តីម្នាក់ ពាក់ម៉ាស់បាំងមុខ ដឹកនាំកម្លាំងប្រជាពលរដ្ឋ វាយបើករបងចូលកាន់កាប់ លើទីតាំងដីរបស់គាត់ និងជនរងគ្រោះដទៃទៀត ទាំងបំពានទៅវិញ។
អ្វីដែលឲ្យអស់សំណើចនោះ ស្រ្តីជើងឆើត ដែលដឹកនាំកម្លាំង ពលរដ្ឋវាយបើករបង ហើយនោះបាននាំគ្នា ធ្វើការបិទរបងឡើងវិញ ហើយពួកគេសម្ងំ នៅក្នុងរបងនោះតែម្ដង។

ម្ចាស់ដីរងគ្រោះទាំង៨ឡូតិ៍ បានលើកឡើងបន្ថែមថា ពួកគាត់់បានទទួល សិទ្ធិធ្វើរបងហ៊ុមព័ទ្ធ គឺអាជ្ញាធរដែនដី ជាអ្នកចុះមកការពារសិទ្ធិ ឲ្យពួកគាត់ធ្វើរបង។ ជាងនេះទៅទៀត ដីរបស់ពួកគាត់ទទួលបាន ការបែងចែកយ៉ាងត្រឹមត្រូវ ពីអាជ្ញាធរគ្រប់លំដាប់ ជាពិសេសពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ ដីធ្លីតែម្ដង។

ម្ចាស់ដីរងគ្រោះ ខាងលើបានអះអាងបន្ថែមថា ដីរបស់គាត់មានបណ្ណកម្មសិទ្ធិ ត្រឹមត្រូវដែលមាន ការទទួលស្គាល់ តាមរយៈសេចក្ដីសម្រេច ស្ដីពីការផ្ដល់សុពលភាព លើដីឡូតិ៍ទិញ ពីអតីតសាលារាជធានីភ្នំពេញ លើកទី៨ ចុះថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០១៧ដែលចុះហត្ថលេខា ដោយ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។ ដូច្នេះជនរងគ្រោះទាំងអស់ សូមសំណូមពរឲ្យ អាជ្ញាធរមានសមត្ថកិច្ច ចុះចាត់វិធានឲ្យបានតឹងរ៉ឹង ចំពោះជនខិលខូច ដែលមានបំណងរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ យ៉ាងកម្រោលបែបនេះ។

ជាចុងក្រោយម្្ចាស់ដី រងគ្រោះទាំង៨ឡូតិ៍ សូមគោរពស្នើដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ ឲ្យពួកគាត់ជា ជនរងគ្រោះជាង២០ឆ្នាំមកហើយ ដែលមិនអាចចូលកាន់កាប់ ដីឡូតិ៍ដែលជាកម្មសិទ្ធិ របស់ខ្លួនបានទៅវិញ ៕

To Top