ព័ត៌មានជាតិ

សម្ដេចតេជោ តែងតែនៅជាប់ជាមួយ បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រាលំបាកបំផុត ជាក់ស្ដែងដូចករណីបាក់អគារ ៦ជាន់ នៅកែប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចគឺតែងតែនៅជាប់ ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាកបំផុត ជាក់ស្ដែងក្រោយហេតុការណ៍ រលំបាក់អគារកម្ពស់ ៦ជាន់ នៅក្រុងកែប ខេត្តកែប សម្ដេចបានចេញដំណើរ ទាំងយប់ទៅកាន់ ទីតាំងបាក់អគារដោយផ្ទាល់ ដើម្បីដឹកនាំកម្លាំងរុករកអ្នក ដែលជាប់ក្រុមគំនរបាក់បែក ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា «សម្ដេចគឺតែងតែនៅជាប់ ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាកបំផុត ដូចជាករណីបាក់រលំអគារកំពស់ ៦ជាន់នៅខេត្តកែបនេះ។ សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចប្រមុខដឹកនាំ។ យើងទាំងអស់គ្នា សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសូមវិញ្ញាណក្ខ័ន្ធបងប្អូន ដែលទទួលមរណៈភាព បានទៅកាន់សុគតិភពកុំបីខាន» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០​នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ​ ក្នុងគំនរអគារកម្ពស់៦ជាន់ បាក់រលំនៅខេត្តកែបចំនួន ២៥នាក់​ ក្នុងនោះស្លាប់ ៧​នាក់ ។

មកទល់ពេលនេះ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ៕

To Top