ព័ត៌មានជាតិ

ចិនផ្ដល់ថវិកា ២លានដុល្លារ សម្រាប់កសាង អគារវិទ្យាស្ថានបណ្ដុះបណ្ដាល

ភ្នំពេញ ៖ ចិនបានផ្ដល់ថវិកា ២.០០០.០០០ដុល្លារ ដើម្បីកសាងអគារវិទ្យាស្ថាន បណ្ដុះបណ្ដាល ស្ថិតនៅទីតាំងក្រសួងសាធារណការថ្មី នៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា) ដែលនឹងបើកការដ្ឋាន ឆាប់ៗខាងមុខនេះ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដំបូង ដល់មន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៩ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា «ភាគីចិនបានឯកភាពផ្ដល់ថវិកា ២.០០០.០០០ដុល្លារ តាមសំណើរបស់ក្រសួង ដើម្បីកសាងអគារវិទ្យាស្ថាន បណ្ដុះបណ្ដាលមួយ ដែលមានទីតាំងនៅទីស្ដីការក្រសួងថ្មី ដែលគ្រោងបើកការដ្ឋាន សាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយបណ្ដុះបណ្ដាលឲ្យមន្ត្រី របស់ក្រសួងមានសមត្ថភាព បំពេញការងារកាន់តែប្រសើរឡើង»។

រដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំមន្ត្រីក្របខណ្ឌថ្មី ត្រូវចេះសហការ មានសាមគ្គីភាព មិត្តភាព រូបរួមគ្នាក្រោមដំបូលតែមួយ នៃមហាគ្រួសារក្រសួងសាធារណការ ដោយជួយគ្នាទៅវិញទៅមក តាមដានការបំពេញការងារ និងរៀបចំគោលដៅរបស់ខ្លួន ដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ៕

ដោយ ៖ អេង ប៊ូឆេង

To Top