ព័ត៌មានជាតិ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់សម្រេច ប្រមាណជា ៧៥,៧%

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា គិតត្រឹមចុងឆ្នាំ២០១៩ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ គឺសាងសង់បាន ប្រមាណជា៧៥,៧%ហើយ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។

ជាមួយគ្នានេះ ក្រុមការងារអនុវត្តគម្រោង ក៏បានស្នើឲ្យក្រុមហ៊ុន សាងសង់បន្តយកចិត្តទុកដាក់ ធ្វើការស្រោចទឹកជាប្រចាំ តាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដីហុយ និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាត ការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់ ឲ្យបានត្រឹមត្រូវ ដើម្បីធានាសុខសុវត្ថិភាព អំឡុងពេលសាងសង់ស្ពាននេះ ។

សូមរំលឹកថា ស្ពាន កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែង ១១៣១ម៉ែត្រ និង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង សរសៃដែក។ ស្ពានមួយខ្សែនេះ គ្រោងចំណាយថវិកាសាងសង់ ៥៦,៩៩៨លានដុល្លារ ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសម្អាសយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៕

ដោយ ៖ អេង ប៊ូឆេង

To Top