ព័ត៌មានជាតិ

អភិបាលក្រុងបាវិត អំពាវនាវឲ្យពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ រាល់គម្រោងអភិវឌ្ឍក្រុង

ស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងគ្រប់ភាគីដែលពាក់ពន្ធ័ទាំងអស់ រាល់គម្រោងអភិវឌ្ឍន៍ក្រុង ដើម្បីធ្វើយ៉ាងឲ្យមូលដ្ឋានក្រុងបាវិត មានការរីកចម្រើន ជាពិសេសពលរដ្ឋមានផលប៉ះពាល់ សូមមានការយោគយល់ អាព្យាស្រ័យក្នុងការអនុវត្តគម្រោង ព្រមទាំងមិនត្រូវបង្ហូរទឹកស្អុយ ចូលលូរំដោះទឹកភ្លៀងនេះជាដាច់ខាត ព្រោះនាំឲ្យកង្វក់ដល់ទឹកព្រែក។

ការថ្លែងអំពាវនាវបែបនេះ នៅក្នុងឱកាសដែលលោក អញ្ជើញចូលរួមបើកការដ្ឋាន សាងសង់លូរំដោះទឹកភ្លៀងក្រុងបាវិត នៅព្រឹកថ្ងៃទី២៣ ឆ្នាំ២០១៩ ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ ដែលប្រើមានរយៈពេលសាងសង់១២ខែ និងចំណាយថវិកាប្រមាណ៧លានដុល្លា ជាគម្រោងស្ថាបនា របស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ឆ្លងកាត់៣ភូមិ គឺភូមិបាវិតលើ បាវិតកណ្តាលនិងច្រកលាវ។

លោកលឹម សៀង បានថ្លែងបន្តទៀតថា ការបើកការដ្ឋាននៅថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តន៍ អនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង នៃមហាអនុតំបន់ទន្លេមេគង្គ ដែលជាគម្រោង កំពុងត្រូវបានអនុវត្តន៍ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ហើយគម្រោងនេះ មានការគាំទ្រហិរញ្ញប្បទាន ពីដៃគូរអភិវឌ្ឍន៍ធនាគារអភិវឌ្ឍន៍អាស៊ី មានគោលបំណង លើកកម្ពស់ហេដ្ឋារចនាសម្ពន្ធ័ ដើម្បីដោះស្រាយការបំពុលបរិស្ថាន ដែលបានកើតឡើង ពីកំណើនប្រជាពលរដ្ឋ និងកំណើនសកម្មភាពសេដ្ឋកិច្ច នៅក្នុងទីក្រុងចំនួន៤រួមមានបាវិត អ្នកលឿង បាត់ដំបងនិងប៉ោយប៉ែត។ ទីក្រុងទាំងនេះមានទីតាំង ស្ថិតនៅតាមបណ្តោយក្រុងរបៀង សេដ្ឋកិច្ចភាគខាងត្បូង។ អនុគម្រោងហេដ្ឋារចនាសម្ពន្ធ័ចំនួនដប់ ត្រូវបានសិក្សាដាក់បញ្ចូល ទៅក្នុងការអនុវត្ត នៅក្នុងក្រុងទាំង៤នេះ។

លោកបានបញ្ជាក់ថា ក្រុងបាវិតបានទទួលអនុគម្រោងចំនួនបី ដោយអនុគម្រោងទី១ គឺជាអនុគម្រោង សាងសង់ទីលានញែកសំរាម អនុគម្រោងទី២ គឺជាអនុគម្រោងស្តារឡើងវិញ នូវផ្លូវជាតិក្នុងក្រុងបាវិត ដល់ព្រំដែនប្រទេសវៀតណាម និងអនុគម្រោងទី៣ គឺជាអនុគម្រោងសាងសង់ប្រពន្ធ័ លូរំដោះទឹកភ្លៀងក្រុងបាវិត។

លោកបានទៀតថា បច្ចុប្បន្នការស្ថាបនាទីលានញែកសំរាម ត្រូវបានបញ្ចប់រួចរាល់ (លើកលែងតែផ្នែកសាងសង់បន្ថែម) ហើយការសាងសង់ផ្លូវក្នុងក្រុង បានបញ្ចប់ប្រមាណ៧៥% និងប្រព័ន្ធលូរំដោះទឹកភ្លៀង ទើបតែបានចាប់ផ្តើមអនុវត្ត និងមានការបើកការដ្ឋាននាថ្ងៃនេះ។

លោកបានបន្តថា ក្នុងនាមអាជ្ញាធរក្រុងបាវិត និងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីអនុវត្តគម្រោងខាងមុខបន្តបន្ទាប់ទៀត ដែលនឹងរួមបញ្ចូល ទាំងគម្រោងចម្រោះទឹកកង្វក់ និងទីលានចាក់សំរាម ដែលកំពុងសិក្សា និងត្រូវអនុវត្តនាពេលខាងមុខដ៏ខ្លី៕

To Top