នយោបាយ

នាយករដ្ឋមន្រ្តី៖ កម្ពុជានឹងរងគ្រោះផ្នែកសន្តិសុខជាតិ និងជាគោលដៅនៃការលាងលុយកខ្វក់ ប្រសិនបើបន្តឲ្យ មានល្បែងអនឡាញ

ភ្នំពេញ៖ ប្រតិកម្មទៅនឹង ការបញ្ចេញមតិ រិះគន់មួយចំនួន ជុំវិញបញ្ហាបិទល្បែងអនឡាញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជានឹងរងគ្រោះផ្នែកសន្តិសុខជាតិ អំពើភេវកម្ម និងជាគោលដៅនៃការលាងលុយកខ្វក់ ប្រសិនបើបន្តឲ្យមានល្បែងអនឡាញ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ជាចម្ងល់ទៅកាន់ក្រុមអ្នក រិះគន់ទាំងនោះថា មនុស្សមួយចំនួន ព្រួយបារម្ភពីបញ្ហា បិទអនឡាញ នៅពេលមានអនឡាញនាំគ្នា ព្រួយបារម្ភអំពី វត្តមានរបស់ជនជាតិចិន នៅកម្ពុជា និងនៅពេលដែលយើងបិទអនឡាញ គេព្រួយបារម្ភ មានការបាត់ជនជាតិចិន ពីកម្ពុជា។តើអ្នកចង់បានអ្វីពិតប្រាកដ?

សម្ដេចនាយករដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា “ប្រសិនបើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើ់អនឡាញកម្ពុជានឹងក្លាយជាអ្នករងគ្រោះ សម្រាប់សន្តិសុខជាតិរបស់ខ្លួន យើងស្ថិតនៅក្រោមការគំរាមកំហែងនៃក្រុមម៉ាហ្វា ដែលជ្រៀតចូលមកកាន់ប្រទេសរបស់យើងដើម្បីធ្វើ សកម្មភាព យើងក៏នឹងក្លាយជាប្រទេសគោលដៅ នៃការលាងលុយកខ្វក់ តាមរយៈអនឡាញ យើងនឹងបាត់បង់សុវត្ថិភាព នូវអ្នកជំនួញធំៗ អ្នករកស៊ីធំៗដែលជាអ្នកមានលុយ មិនហ៊ានចូលមកកម្ពុជា  ដោយសារខ្លាច ក្រុមម៉ាហ្វា” ។

សម្ដេចក៏បានលើកឡើបន្ថែមទៀត “យើងសុខចិត្តមិនមានការអនឡាញ ក៏ប៉ុន្តែយើងច្បាស់ជានាំមកនូវ ប្រទេសរបស់យើងប្រកបដោយសុវត្ថិភាព និងសន្តិសុខ ហើយយើងនាំមកនូវ អ្នកវិនិយោគដោយសុច្ចរិត និងអ្នកដែលមានលុុយ មករស់នៅកម្ពុជា ផ្ទុយទៅវិញប្រសិន បើមានវត្តមានអនឡាញបន្ត កម្ពុជានឹងក្លាយ ជាប្រទេសរងគ្រោះ ហើយរងគ្រោះមុនគេ គឺបញ្ហាសន្តិសុខតែម្ដង ហើយបន្ទាប់ទៅនឹងក្លាយជា គោលដៅនៃការលាងលុយកខ្វក់ ដែលនៅលើពិភពលោកកំពុង មានការប្រយុទ្ធប្រឆាំង នឹងការលាងលុយកខ្វក់ និងអំពើភេរវកម្ម ហិរញ្ញប្បទានសម្រាប់ភេវរកម្ម” ។

ពាក់ព័ន្ធជាមួយ វិស័យសំណង់និងសេដ្ឋកិច្ច សម្ដេចក៏បានលើកឡើងផងដែរថា “ប្រសិនបើសំណង់នៅកម្ពុជា គ្រាន់តែបម្រើអោយអនឡាញ សេដ្ឋកិច្ចកម្ពុជា ពិតជាពឹងពាក់ទៅលលើអនឡាញ នោះ គឺគ្រោះថ្នាក់នៃសេដ្ឋកិច្ចពពុះសាប៊ូ។

ជាមួយគ្នានោះផងដែរសម្ដេចនាយករដ្ឋមន្រ្តី ក៏បាន សំណូមពរ ឲ្យប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់ទទូល បានផលពីការជួលផ្ទះ អោយគេធ្វើអនឡាញ បង្វែរមកកែច្នៃទៅមុខរបរសមស្របណាមួយនាពេលខាងមុខ។

សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំទទូលយល់ដឹងថា មានប្រជាពលរដ្ឋមួយចំនួន ទទួលបានផលពីអនឡាញ តាមរយៈការជួលផ្ទះអោយធ្វើអនឡាញ  និងបុគ្គលិកដែលប្រើការងារអនឡាញ ក៏ប៉ុន្តែនោះគ្រាន់តែជាក្រុមតូចមួយ នៃការទទួលផល ឥឡូវដីធ្លីនៅតែជាដីធ្លីរបស់យើង  កែច្នៃទៅជាអ្វីដែរជាមុខរបរសមស្របរបស់យើងតទៅទៀត ហើយក៏មិនបាច់ពឹងពាក់ទៅលើសេដ្ឋកិច្ចអនឡាញនោះទេ”។

សូមរំលឹកថា រាជរដ្ឋាភិបាលបានសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណ សម្រាប់អាជីវកម្ម បើកល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមអ៊ីនធឺណែត ទាំងក្នុងនិងក្រៅប្រទេស ចាប់ពី ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០ ១៩ ដោយលើកហេតុផលថាអាជីវកម្ម ប្រភេទនេះ បាន ជួយផ្ដល់ឱកាស ឲ្យជនបរទេស ក្នុងការលាក់ខ្លួន ធ្វើ សកម្មភាពបទល្មើសជំរិតទារប្រាក់ពី ជនរងគ្រោះ ៕

ដោយ៖ បាន ធារ៉ូ

To Top