ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ ផលិតផលខ្មែរ នាំទៅអឺរ៉ុប – អាមេរិក បញ្ជាក់ពីសមត្ថភាពផលិត មានស្តង់ដាខ្ពស់

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ផលិតផលខ្មែរដែលនាំចេញទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគឺបានបញ្ជាក់ពីសមត្ថភាពផលិតមានស្តង់ដាខ្ពស់។

ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រ រ៉ូសផ្លាស្ទីក (ខេមបូឌា)នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ផលិតផលប្រើប្រាស់ត្រូវបាននាំចូលមកពីប្រទេសក្រៅសឹងតែទាំងអស់ ហើយនៅលើទីផ្សារអន្តរជាតិ ផលិតផលមកពីអាស៊ីមិនមានមកពីកម្ពុជាទេ។

លោកថា “ប៉ុន្តែសព្វថ្ងៃនេះ ផលិតផលជាច្រើនជាតម្រូវការ នៃការប្រើប្រាស់ក្នុងស្រុក ត្រូវបានផលិតនៅក្នុងប្រទេសរបស់យើង ហើយនៅលើទីផ្សារអន្តរជាតិជាច្រើន ក៏ឃើញមានការលក់ផលិតផលកម្ពុជា ដែលនេះ គឺជាមោទនភាពជាតិ របស់យើងក្នុងនាមជាខ្មែរ ពីព្រោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក មានលក្ខខណ្ឌតម្រូវស្តង់ដារខ្ពស់ ដូច្នេះការណ៍ដែលយើងអាចចូលក្នុងទីផ្សារទាំងនោះ បាន គឺបញ្ជាក់បានអំពីសមត្ថភាពផលិតរបស់យើង ទាំងបរិមាណ និងគុណភាព ហើយជាគុណភាពដែល មានការ ទទួលស្គាល់ ជាអន្តរជាតិ និងផលិតដោយវិស្វករ និងអ្នកបច្ចេកទេស ជាកូនខ្មែរ ដែលមានសមត្ថភាពជំនាញ ច្បាស់លាស់”។

លោកបន្តថា ភាពជោគជ័យនៃផលិតផលរបស់កម្ពុជា ក៏ពឹងផ្អែកសំខាន់បំផុតលើការគាំទ្រនៅក្នុងស្រុក ហើយបច្ចុប្បន្ននេះ ខ្មែរមិនត្រឹមតែផលិតបានទេ ប៉ុន្តែគុណភាពក៏ត្រូវតែល្អស្របតាមស្តង់ដារផងដែរ ពីព្រោះនៅក្នុងទីផ្សារសេរី អ្នកផលិតត្រូវផលិតទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសកត្តាគុណភាព និងតម្លៃនេះឯង ដែលត្រូវ រួមផ្សំជាមួយគ្នា នៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។

លោក ហ៊ុន ម៉ាណែតបន្ថែមថា ដូច្នេះ គឺនៅពេលនេះហើយ ដែលអតិថិជនក្នុងស្រុក បន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងបន្ថែម និងបង្កើនវិសាលភាពវិស័យឯកជន ដែលដើរតួនាទីជាចលករសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ៕

To Top