ព័ត៌មានជាតិ

លោក អ៊ូ ច័ន្ទរ័ត្ន បដិសេធការ ចោទប្រកាន់ថា លោកនៅពីក្រោយ ឆាកបង្កើតបក្សថ្មី

ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន ដែលធ្លាប់ជាអតីតមន្រ្តីជាន់ខ្ពស់ របស់គណបក្សសង្រ្គោះជាតិ (CNRP) បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ ពីសំណាក់ លោក ប៉ា ងួនទៀង ដែលជាមនុស្សជំនិត លោក កឹម សុខា ថា លោកជាអ្នកជំរុញ និងនៅពីក្រោយឆាក ការបង្កើតបក្សថ្មី ។

លោក ប៉ា ងួនទៀង បច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បាន ថ្លែងថា ទោះបីជាគ្មានឈ្មោះលោក អ៊ូ ច័ន្ទរ័ត្ន ក្នុងលិខិតសម្រាប់ បង្កើតបក្សថ្មីក៏ដោយ ប៉ុន្តែគាត់ជាអ្នកជំរុញ និងរៀបចំនៅក្រោយឆាក ព្រោះក្រោយពីប្រកាសបង្កើត បក្សថ្មីហើយ ទើបអញ្ជើញលោក អ៊ូ ច័ន្ទរ័ត្នឲ្យមកដឹកនាំ។ ការធ្វើបែបនេះ ដើម្បីឲ្យគេមើលឃើញរូបភាព គាត់ជាមនុស្សសំខាន់។

លោក អ៊ូ ចន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ថា វប្បធម៌លាបពណ៌គ្នា និងវប្បធម៌សង្ស័យចោទប្រកាន់គ្នាខុសហេតុផល នៅតែបន្តមានមិនចេះចប់ មិនចេះហើយ ។

លោកបន្តថា “ខ្ញុំទទួលស្គាល់ថា ក្រុមហ្នឹងធ្នាប់ដើរជាមួយខ្ញុំ ជជែកគ្នាអីចឹងមែន ប៉ុន្តែខ្ញុំមិនបាននៅពីក្រោយក្នុងការរៀបចំ ឲ្យមានសេចក្ដីប្រកាសអីហ្នឹង អត់មានទាំងអស់” ។

ជាមួយគ្នានេះ លោកក៏បានធ្វើការពន្យល់ ទៅក្រុមមួយទៀតថា ក្នុងកាលៈទេសៈនេះ មិនអាចទៅរួចឡើយ ព្រោះពេលវេលាមិនសមស្រប ដោយលទ្ធភាពក្នុងការជំរុញ នយោបាយឡើងវិញ គឺមិនទាន់មានការច្បាស់លាស់នៅឡើយ ។

សូមបញ្ជាក់ថា ក្រុមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្ស សង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទា នយោបាយឡើងវិញ បានប្រកាសបង្កើត គណបក្សថ្មី ដើម្បីធ្វើសកម្មភាព នយោបាយ របស់ខ្លួនឡើងវិញ ។ អតីតថ្នាក់ដឹកនាំ CNRP ទាំងនោះរួមមាន ៖ លោក ជីវ កត្តា លោក ស៊ឹម សុវណ្ណនី លោក ខឺយ ស៊ីនឿន លោក កង គឹមហាក់ លោក អាន ភារ៉ា លោក សុខ នីមល លោក សៀវ បុត និង លោក ចាន់ នីន ផងដែរ ៕ ដោយ៖ធី លីថូ

To Top