ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួន​ជាស្រេច ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ប៉ាគីស្ថាន ដើម្បីពង្រឹងមិត្តភាព

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ប៉ាគីស្ថាន ដើម្បីរួមចំណែក ក្នុងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព។

ក្នុងជំនួបពិភ្សាការងារ ជាមួយលោក អាមយ៉ាត អាលី ស្ស៊ា (Amjad Ali sher) ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ សម្តេច សាយ ឈុំ មានប្រសាសន៍ថា “កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹង ឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូត នៃសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន ប្រចាំកម្ពុជា ដើម្បីរួមចំណែក ក្នុងពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត” ។

ចំណែក លោក អាមយ៉ាត អាលី ស្ស៊ា នៅបន្តជួយជំរុញលើក កម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ ឱ្យកាន់តែខ្លាំងខ្លាថែមទៀត ។ ក្នុងនោះ ប៉ាគីស្ថាន គឺជាមិត្តរបស់ កម្ពុជា ហើយលោកសង្ឃឹថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីក និងពូនជ្រុំបន្ថែមទៀត៕ដោយ ៖ អេង ប៊ូឆេង

To Top