ភ្នំពេញ៖ ដោយអនុលោមតាមនីតិវិធី របស់សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីឆ្លេីយតបចុងក្រោយ ដេីម្បីឆ្លេីយតបចំពោះរបាយការណ៍ របស់ គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA ដោយសង្ឃឹមថា អឺរ៉ុបនឹងពិចារណា ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត ។
គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលពីថ្ងៃ១២ វិច្ឆិកាដល់ ១២ធ្នូ។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ ធ្នូនេះ បានឲ្យដឹងថា អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចប្រគល់ជូន គណៈកម្មការអឺរ៉ុប នូវការឆ្លើយតបចុងក្រោយរបស់ខ្លួន ចំពោះរបាយការណ៍របស់ គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធី ដកប្រព័ន្ធអនុគ្រោះពន្ធ ជាបណ្តោះអាសន្នដែលបានផ្តល់ ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”។
សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា ដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈ កម្មការអឺរ៉ុប ជាអាទិ៍រួមមានការគោរពសិទ្ធិ ក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ជាដើម។
ក្រសួងការបរទេសបញ្ចាក់ថា “ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែង ប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញា អន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA” ដែលអាចផ្តល់ផលប៉ះពាល់សង្គម ដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើ ប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវ គោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងកម្ពុជា” ។
សូមបញ្ជាក់ថា ប្រទេសដែលទទួលបាន ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងសព្វាវុធ ពីសហភាពអឺរ៉ុបមាន៤៩ប្រទេស ។ ក្នុងនោះបណ្ដាប្រទេសនៅអាហ្វ្រិក មានចំនួនច្រើនជាងគេ។ ក្នុងករណីសហភាពអឺរ៉ុប សម្រេចជាផ្លូវការដក EBA ពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ទីផ្សារអឺរ៉ុប នៅតែបើកចំហសម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែម តម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំកសាង អភិវឌ្ឍន៍ខ្លួនឲ្យរួចផុតពីភាពក្រីក្រ ដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សារ EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូន ជារៀងរហូតនោះបានឡើយ ៕
ដោយ៖ ខា ដា