ព័ត៌មានជាតិ

ត្រជាក់ពេក ដុតភ្លើង កម្ដៅក្រោមផ្ទះមានអីឆេះផ្ទះអស់

ភ្នំពេញ : គ្រួសារក្រីក្រមួយគ្រួសារ រស់នៅទីជនបទដាច់ស្រយាល ព្រោះកាសធាតុត្រជាក់ ពួកគាត់បានដុតភ្លើង កំដៅពីក្រោមផ្ទះ ក្នុងបំណងកុំឲ្យត្រជាក់ពេក តែជាអកុសលភ្លើង បានឆាបឆេះផ្ទះនោះ អស់ទាំងស្រុងតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះសង់ពីឈើទំហំ ៤.៥០x៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ម្ចាស់ផ្ទះឈ្មោះ ព្រឿយ ជួន អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះ ម៉ន សុផា អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៣ខែ ។ ក្រោយពីដឹងថា អគ្គីភ័យឆេះពួកគាត់ក៏បាននាំគ្នារត់ចេញពីផ្ទះ ពុំមានអ្នករងរបួសនោះទេ តែផ្ទះខ្ទមមួយខ្នង ត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង ។

តាមការព្យាករណ៍របស់ក្រសួងធនធាន ទឹកនិងឧតុនិយមបានបង្ហាញថាចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ខែធ្នូ ប្រទេសកម្ពុជានឹងចុះត្រជាក់សូមបងប្អូន ជាអាណាព្យាបាល គួរមានការប្រុងប្រយ័ត្ន ចំពោះសុខភាពកូនចៅនឹងខ្លួនឯង ៕

To Top