ព័ត៌មានជាតិ

ប្រមុខ ការពារ ជាតិ ស្នើឱ្យអាជ្ញាធរ ដែនដីទាំងអស់ បន្តត្រួតពិនិត្យរាល់សំណង់ ដែលសាងសង់ថ្មី ចៀសវាង បង្កឱ្យមានគ្រោះថ្នាក់ដល់ មនុស្សបន្តទៀត

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បាន ចុះទៅពិនិត្យមើលទីតាំងអគារសាលាឆាន់ វត្តប្រាសាទគោកចក ដែលបានបាក់រលំកំពុងចាក់បេតុងប្លង់សេ។នេះបើយោងតាមAKP។

នៅក្នុង ឱកាសចុះពិនិត្យមើលទីតាំងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍ ថា រាជ រដ្ឋាភិបាលកម្ពុជាពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍ ដែលបាន កើតឡើងនេះ។ ចំពោះមូលហេតុនៃការបាក់រលំអគារនេះ សម្តេចមិនអាចបញ្ជាក់បាន នៅឡើយទេ ដោយ ទុកឱ្យក្រុមជំនាញធ្វើការសិក្សាសា្រវជ្រាវ ដែលត្រូវការពេលវេលាមួយដ៏ សមស្រប ដើម្បី បានដឹងច្បាស់ថា កំហុសបច្ចេកទេសកម្រិតណា និងតើនៅត្រង់ណា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឱ្យអាជ្ញាធរដែនដីទាំងអស់ បន្តត្រួតពិនិត្យ នូវរាល់សំណង់ដែលសាងសង់ថ្មីជៀសវាងបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សបន្តទៀត ព្រោះ ថា ការកើតមានហេតុការបែបនេះ វាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង២ថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩ មានករណីបាក់រលំ អគារសាលាឆាន់ដែលមានទំហំ៤០ម៉ែត្រ គុណ៣០ម៉ែត្រ របស់វត្តប្រាសាទគោកចក ស្ថិត នៅក្នុង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យមនុស្សចំនួន១៦នាក់ បានរងគ្រោះ ក្នុងនោះមាន៣នាក់បានស្លាប់។ ដោយសារមានការសោក ស្តាយ និងអាណិត អាសូរ សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន២០លានរៀន ដល់អ្នកស្លាប់ម្នាក់ៗ ចំពោះអ្នករងរបួសចំនួន៣លានរៀល ក្នុងម្នាក់ផងដែរ៕

To Top