ព័ត៌មានជាតិ

លោក រ៉ុង ឈុន ព្រួយបារម្ភពី EBA ខណៈសល់៩ថ្ងៃទៀត ផុតកំណត់ (វីដេអូ)

ភ្នំពេញ ៖ ខណៈសល់តែរយៈពេល ៩ថ្ងៃទៀតប៉ុណ្ណោះ សហភាពអឺរ៉ុប(EU) សម្រេចភ្ជួរជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទពីកម្ពុជា (EBA) ស្របពេលជិតដល់ថ្ងៃកំណត់ លោក រ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានឆ្លើយតប ទៅកាន់ EU វិញនៅឡើយ ។

គណៈកម្មការអឺរ៉ុប(EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ផុតកំណត់ត្រឹមថ្ងៃ១២ ធ្នូ។ នីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេលសហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ។

យោងតាមសេចក្ដីថ្លែងការណ៍ សហភាពសហជីពកម្ពុជា នៅថ្ងៃ៣ ធ្នូ បានឲ្យដឹងថា “សហភាពសហជីពកម្ពុជា ដាក់ការកង្វល់យ៉ាងខ្លាំង លើប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប នៅសល់តែ៩ថ្ងៃទៀតទេ ដែលរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានឆ្លើយតប និងមិនទាន់បានស្តារឡើងវិញ នូវស្ថានភាពការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យបានពេញលេញ ទៅតាមការលើកឡើង របស់សហភាពអឺរ៉ុបនៅឡើយ” ។

សហភាពសហជីពកម្ពុជា យល់ឃើញថា បើប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក នឹងត្រូវបានកាត់ផ្តាច់ ធ្វើឲ្យកម្មករ-កម្មការិនីខ្មែរ ប្រមាណជា៨០ម៉ឺននាក់ នឹងត្រូវប្រឈមការបាត់បង់ការងារ រួមទាំងប្រជាពលរដ្ឋរាប់លាននាក់ទៀត នឹងទទួលរងនូវផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវភាព រស់នៅរបស់ពួកគាត់ ពីវិបត្តិនយោបាយនេះ ។

សេចក្ដីថ្លែងការណ៍បន្តថា ដើម្បីបញ្ចៀសវិបត្តិសង្គមធ្ងន់ធ្ងរ និងភាពអាប់អួរនយោបាយរ៉ាំរៃទៀត អ្នកនយោបាយខ្មែរគ្រប់ភាគី រួមទាំងភាគីអ្នករងគ្រោះ គប្បីចូលតុចរចាក្នុងការការពារ ផលប្រយោជន៍ជាតិទាំងអស់គ្នា។

សហភាពសហជីពកម្ពុជា ក៏បានអំពាវនាវ ឲ្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបជាវិជ្ជមាន ទៅតាមពេលវេលាកំណត់ របស់សហភាពអឺរ៉ុប ដើម្បីការរក្សាបាន EBA និង GSP ។

ចំពោះករណីនេះ ទាំងលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងលោក សុខ ឥសាន ធ្លាប់បានលើកឡើងស្រដៀងគ្នា ជាការផ្សព្វផ្សាយ ដើម្បីបំភិតបំភ័យពលរដ្ឋខ្មែរតែប៉ុណ្ណោះ ហើយថា ចំពោះអតីតបក្សប្រឆាំង ក៏ដូចជាបញ្ចេញយោបល់ បង្ហាញក្តីកង្វល់នេះ គឺជាការបង្ហាញទឹកភ្នែកក្រពើប៉ុណ្ណោះ។

លោកទាំងពីរបានអះអាងថា រហូតមកពេលនេះ កម្ពុជាមិនទាន់បាត់ទីផ្សារអឺរ៉ុបឡើយ ហើយទោះជាយ៉ាងណា EBA នឹងបាត់ពីកម្ពុជានៅថ្ងៃណាមួយ បន្ទាប់ពីកម្ពុជាមានសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរ ៕ ដោយ៖ធី លីថូ

To Top