នយោបាយ

ព្រាប កុល ទស្សន៍ទាយ ពីជោគវាសនា ល្បែងនយោបាយ លោក សម រង្ស៊ី និងលោក កឹម សុខា (វីដេអូ)

ភ្នំពេញ ៖ ក្នុងនាមជានាយកអង្គការ តម្លាភាពកម្ពុជា ក៏ដូចជាតាមដានបញ្ហា សង្គមផងដែរនោះ លោក ព្រាប កុល នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើការទស្សន៍ទាយ ពីជោគវាសនា របស់លោក សម រង្ស៊ី និងលោក កឹម សុខា ចំពោះល្បែងនយោបាយ ។

ការលើកឡើង របស់លោកនេះ មួយថ្ងៃក្រោយបន្ទាប់ពីចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពោលនាថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០១៩ បានសម្រេចបិទបញ្ចប់ ការស៊ើបសួរសំណុំរឿង ក្បត់ជាតិ ជនត្រូវចោទឈ្មោះ កឹម សុខា និងបញ្ជូនទៅតុលាការជំនុំជម្រះ ។

លោក ព្រាប កុល តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ៣ ធ្នូនេះ បានរំលឹកថា ល្បែងភ្នាល់នយោបាយ ខ្នាតធំថ្ងៃកាលពីថ្ងៃ៣ ខែមីនា ឆ្នាំ២០១៩ កន្លងមកកំណត់ តាមរូបភាពខាងក្រៅ គេអាចដឹងមុនតាំងពីថ្ងៃភ្នាល់នោះថា លោក សម រង្ស៊ី នឹងចាញ់ការភ្នាល់ ។ ប៉ុន្តែអ្វីដែលគេប្រហែល មិនបានគិតដល់ គឺថា លោកសម រង្ស៊ី ភ្នាល់ដើម្បីបានឈ្នះក្នុងការតស៊ូមតិលើឆាកអន្តរជាតិទាក់ទងទៅដំណើរការត្រួតពិនិត្យ EBA។ នេះគេហៅថា ស៊ីគ្រាប់ទៅវិញទៅមក ក្នុងល្បែងអុក ឬលេងរែក។

ចំពោះ លោក កឹម សុខា វិញលោកថា អាចនឹងត្រូវតុលាការកាត់ក្តី ហើយអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ដោយការប្រោសព្រះរាជទានទោសដោយព្រះមហាក្សត្រ។ ក្រោយការដោះលែង លោក កឹម សុខា នឹងមានចរន្តនយោបាយនៅកម្ពុជា និងនៅក្រៅប្រទេស ដែលដឹកនាំដោយ លោក កឹម សុខា និងមន្ត្រីបក្សដែលស្ម័គ្រស្មោះជាមួយគាត់ដើម្បីស្វែងរកការរៀបចំដំណើរការនយោបាយឡើងវិញ។

សម្រាប់ លោក សម រង្ស៊ី លោកបន្តទៀតថា អាចនឹងត្រូវបានគេរារាំង និងបិទផ្លូវមិនឲ្យវិល ចូលមកកម្ពុជាវិញបាន និងមិនមានតួនាទីជាផ្លូវការ អ្វីក្នុងបក្សដែលដឹកនាំដោយ លោក កឹម សុខានោះទេ។ លោក កឹម សុខា នឹងព្យាយាមនៅឆ្ងាយ ពីលោក សម រង្ស៊ី ប៉ុន្តែមិនប្រកាសចែកផ្លូវគ្នាទេ ព្រោះត្រូវរង់ចាំមើលសន្ទុះ នៃការគាំទ្រពីមហាជន និងសហគមន៍អន្តរជាតិសិន។ ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ លោក កឹម សុខា អាចនឹងត្រូវបានគេជម្រុញឲ្យពិចារណាផាត់ លោក សម រង្ស៊ីចេញពីសង្វៀននយោបាយ របស់បក្សតែម្តង។

លោក ព្រាប កុល អះអាងថា ក្នុងចំណោម លោក សម រង្ស៊ី និង លោក កឹម សុខា បើនរណាហ៊ាន ប្រកាសចែកផ្លូវមុន នឹងត្រូវរងការថ្កោលទោស ពីពលរដ្ឋដែលធ្លាប់គាំទ្រ ពួកគាត់ទាំងពីរនាក់នាពេលកន្លងមក ។ ចំពោះលោក សម រង្ស៊ី នៅតែមានឥទ្ធិពលក្នុងចំណោមមហាជន និងអ្នកដែលស្មោះត្រង់ចំពោះគាត់ទាំងនៅខ្មែរ និងនៅក្រៅប្រទេស ហើយលោកអាចនឹងប្រថុយគ្រោះថ្នាក់វិលត្រឡប់មកកម្ពុជាវិញព្រោះជាជីវិតនយោបាយចុងក្រោយរបស់គាត់។

ដោយឡែក ដំណើរការសន្ទនា និងការចរចាររវាងកម្ពុជា និងសហភាពអឺរ៉ុបលោកទស្សន៍ទាយបន្តថា នឹងដំណើរការទៅមុខតាមនីតិវិធីប្រកបដោយការយកចិត្តទុកដាក់ពីភាគីទាំងពីរ។ អតីតថ្នាក់ដឹកនាំនៃបក្សសង្គ្រោះជាតិ៩៧% នឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ។ បន្ថែមពីនោះ នឹងមានការពិនិត្យឡើងវិញ និងការធ្វើវិសោធនកម្មច្បាប់សំខាន់ៗមួយចំនួន ដូចជាច្បាប់អង្គការមិនមែនរដ្ឋាភិបាល (LANGO) ច្បាប់សហជីព និងច្បាប់គណបក្សនយោបាយ ។ ចំណុចដែលស្មុគស្មាញ និងតានតឹងជាងគេ ក្នុងការជជែកពីបញ្ហា គឺពាក់ព័ន្ធទៅនិងសិទ្ធិនយោបាយ នៃអតីមន្ត្រីបក្សសង្គ្រោះជាតិ ៕

To Top