ព័ត៌មានជាតិ

អូស្ត្រាលី បន្តជួយពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ ៖ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានសន្យាថា រដ្ឋាភិបាលអូស្ត្រាលី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តរួមចំណែក ដើម្បីពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Angela Corcoran បានកត់សំគាល់ឃើញថា កម្ពុជាពេលនេះមានការ អភិវឌ្ឍគួរជាទីមោទកបំផុត ។ លោកស្រីថា អូស្ត្រាលីបានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យមានការរីកចម្រើនមកដល់សព្វថ្ងៃនេះផងដែរ តាមរយៈជំនួយនានា ។

លោកមានប្រសាសន៍ថា “រដ្ឋាភិបាលអូស្ត្រាលី បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តជួយ និងចូលរួមចំណែកក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំនិងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសយើងទាំងពីរ ផងដែរ”។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកបានជួយ កម្ពុជា ជាពិសេសលើផ្នែកកសិកម្ម បានការបង្កើត វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបានជួយក្នុងការសិក្សាស្រាវជ្រាវ ធ្វើឲ្យអង្ករកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ នៅលើឆាកអន្តរជាតិ ក្នុងរយៈពេល៣ឆ្នាំជាប់គ្នានេះ៕ ដោយ ៖ អេង ប៊ូឆេង

To Top