ព័ត៌មានជាតិ

លីកាដូ បង្ហាញវិដេអូពីជីវិត ជាម្ដាយក្នុងពន្ធនាគារ(មានវីដេអូ)

ភ្នំពេញ ៖ ដើម្បីចូលរួមប្រារព្ធ យុទ្ធនាការ១៦ ថ្ងៃ ប្រឆាំងនឹងអំពើហិង្សា លើស្ត្រីអង្គការលីកាដូ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះបានចេញផ្សាយកម្រងវីដេអូខ្លីៗ ស្តីពីស្ថានភាពរបស់ស្ត្រីមានផ្ទៃពោះ និងម្តាយជាមួយកូនតូច ដែលជាប់ក្នុងពន្ធនាគារនៅកម្ពុជា ។

លីកាដូបានលើកឡើងថា ជីវិតគឺពិតជាពិបាកខ្លាំងណាស់ សម្រាប់អ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា ។ ការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានដូចជា កង្វះខាតនៃអាហារហូបចុក ទឹកស្អាត ពេលវេលានៅក្រៅបន្ទប់ឃុំឃាំង និងការការពារផ្លូវច្បាប់ដែលកើតមានឡើង ជាច្រើនករណី ហើយជីវិតពិតក្នុងពន្ធនាគារគឺ ប្រសិនបើអ្នកជាប់ឃុំ គ្មានប្រាក់បង់ទេ អ្នកទាំងនោះក៏មិនទទួលបានសារៈសំខាន់មូលដ្ឋានទាំងនេះផងដែរ។

លីកាដូឲ្យដឹងថា បច្ចុប្បន្នមានអ្នកជាប់ឃុំជាង ២៩០០០នាក់ ក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការលីកាដូធ្វើការឃ្លាំមើល។ ពេលនេះ ចំនួនច្រើនលើសលប់ នៃអ្នកជាប់ឃុំក្នុងបន្ទប់ឃុំឃាំង គឺខ្ពស់ខ្លាំង មិនធ្លាប់មានពីមុនមកទេ នៅទូទាំងប្រទេស ដែលភាគច្រើនបណ្ដាលមកពីការ ប្រើប្រាស់នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នរង់ ចាំសវនាការច្រើនហួសហេតុពេក៕

To Top