ព័ត៌មានជាតិ

UN មានបំណងចូលរួម អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជា ទីក្រុងឆ្លាតវៃ

ភ្នំពេញ៖ ស្របពេលខេត្តព្រះសីហនុ កំពុងទទូលបានការអភិវឌ្ឍន៍យ៉ាងគំហុក ពីសំណាក់ក្រុមហ៊ុននិងអ្នកវិនិយោគចិន អង្គការសហប្រជាជាតិ (UN) បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការចូលរួម អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យ ក្លាយ ជាទីក្រុងឆ្លាតវៃ។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ។

ថ្លែងនៅក្នុងជំនួប ពិភាក្សាការងារ ជាមួយលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Pauline Tamesis ប្រធានអង្គការ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំតំណាងអង្គការចំនួន៧ បានលើកឡើងថា អង្គការសហប្រជាជាតិ នៅរយៈពេល ៥ឆ្នាំខាងមុខ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក ហើយការងារស្នូល គឺការងារគ្រប់គ្រងនគរូបនីយកម្ម ការគ្រប់គ្រងធ្វើផែនការឱ្យបានហ្មត់ចត់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយ យ៉ាងសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍទីក្រុង ដោយយកចិត្តទុកដាក់ លើប្រជាពលរដ្ឋរស់នៅ ទីក្រុង គឺជាយន្តការមួយមាននិរន្តរភាព និងធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយ សមធម៌សម្រាប់ប្រជាពលរដ្ឋ។

លោកស្រីបានឱ្យដឹងផងដែរថា តាមបទពិសោធន៍ ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។

លោកស្រី បានកត់សំគាល់ឃើញថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលចំបង រួមចំណែកការអភិវឌ្ឍប្រទេសជាតិ ទាំងមូលផងដែរ ហើយការអភិវឌ្ឍក្នុង ខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ការគ្រប់គ្រងមិនបានហ ហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែក ណាមួយមិនបានទទួលផលតាមទាន់គេ។ យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍន៍ ហើយក្រុងព្រះសីហនុ នៃ ខេត្តព្រះសីហនុ ជាទិសដៅមួយ ក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ។

លោកស្រីគូសបញ្ជាក់ថា”អង្គការសហប្រជាជាតិ ចង់ចូលរួមចំណែកសហការជួយ រដ្ឋបាលខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ យើងមានវិធីច្រើនដើម្បីសម្រេច ទីក្រុងមួយឆ្លាតវៃប្រកបដោយ និរន្តរភាព និងបរិយាប័ន្ន “។

លោកស្រីក៏បានឲ្យដឹងផងដែរថា សម្រាប់អង្គការសហប្រជាជាតិយល់ឃើញ វិធីមួយទៀត គឺការអភិវឌ្ឍ ឈានទៅទីក្រុងឆ្លាតវៃ គឺជាការចូលរួមស្តាប់ មតិយោបល់របស់ប្រជាពលរដ្ឋ ចង់បានទីក្រុងប្រភេទណា ទី១. ផ្តោតលើអ្នកនិយោគទុនដែលមានទស្សនយល់ឃើញចង់ឱ្យទីក្រុងយើងល្អ ២. លក្ខណបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិនសម្រាប់បុគ្គលមួយចំនួនទេ គឺសម្រាប់ទាំងអស់គ្នា ៣.ការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាឆ្លើយតបទៅ នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

នាឱកាសនោះផងដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ កំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញឆ្លងកាត់ជាង ៧០ភាគរយ ទូទាំងប្រទេស បច្ចុប្បន្នមានលទ្ធភាពអាចឱ្យនាវាមានជម្រៅទឹក ១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែម ដើម្បីឱ្យនាវាមានជម្រៅទឹក ១៣.៥០ម៉ែត្រចូលចតនៅ ពេលខាងមុខដើម្បី កាត់បន្ថយតម្លៃដឹកជញ្ជូន ក៍ដូចជាការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទន្ទឹមនោះយើងក៍នៅខ្វះ ផែទេសចរណ៍ផងដែរ។ កិច្ចសហប្រតិបត្តិការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ ដោយក្រុមហ៊ុនបារាំង ដើម្បីឱ្យយន្តហោះប្រភេទ ធុនធំចុះចតនៅពេលខាងមុខ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាស។ រាជរដ្ឋាភិបាល បានសាងសង់ផ្លូវហាយវេ ល្បឿនលឿនពីភ្នំពេញមកកាន់ ខេត្តព្រះសីហនុ និងគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ។

ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ។

លោកអភិបាលបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូ ពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច ៥កំពុងដំណើរការ ផ្តល់ការងារជូនយុវជនជាង ៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច ៤ទៀតកំពុងសាងសង់ នេះជាសក្តានុពល នៃការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សំគាល់។

លោក គួច ចំរើន បញ្ជក់ថា រដ្ឋបាលខេត្តព្រះសីហនុគាំទ្រអង្គការ សហប្រជាជាតិ ចង់សហការ ជួយអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ក៍ប៉ុន្តែត្រូវរៀបចំឯកសារធ្វើបទបង្ហាញទីក្រុងឆ្លាតវៃ និងបន្តធ្វើការងារ ជាមួយមន្ត្រីរបស់ខេត្ត ពិសេសជួយបណ្តុះបណ្តាលបច្ចេកវិទ្យា ក៍ដូចជាជួយជាឧបករណ៍ សម្ភារ: ក្នុងការចូលរួមអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ៕ដោយ បាន ធារ៉ូ

To Top