នយោបាយ

លោក សុខ ឥសាន ចំអកឲ្យ សម រង្ស៊ីថា កំពុងភ័យខ្លួនរឿង កឹម សុខា បង្កើតបក្សថ្មី (វីដេអូ)

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកចំអនឲ្យទណ្ឌិត សម រង្ស៊ី ដែលរត់គេចខ្លួនសំងំ នៅក្រៅប្រទេសថា កំពុងភ័យខ្លួនយ៉ាងខ្លាំង ចំពោះលោក កឹម សុខា ដែលទៅបង្កើតគណក្ស សិទ្ធិមនុស្សឡើងវិញ។

កាលពីថ្ងៃទី២៨ តុលា គណបក្សសិទ្ធិមនុស្ស បានផ្ញើលិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំពន្យារពេល ក្នុងការបញ្ជូនបញ្ជីឈ្មោះ សមាសភាព ថ្នាក់ដឹកនាំគណបក្ស ទៅកាន់ក្រសួងមហាផ្ទៃមួយរយៈសិន បន្ទាប់ពី ប្រធានគណបក្ស គឺលោក សឺន ស៊ូបែរ្តិ៍ ស្នើសុំលាលែងពីតំណែង។

ជាការឆ្លើយតប ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវសំណើសុំពន្យារពេល ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាព ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស តាមរយៈ លិខិត ដូចបានយោងខាងលើ ។ ពាក់ព័ន្ធករណីនេះ ក្រសួងមហាផ្ទៃយល់ព្រមឲ្យគណបក្សសិទ្ធិមនុស្ស ពន្យារពេល៦ខែ ក្នុងការបំពេញលក្ខខណ្ឌដែលកំណត់ ក្នុងបទប្បញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយគិតពីថ្ងៃទី២២ វិច្ឆិកា ដល់ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

លោក សុខ ឥសាន សរសេរនៅក្នុងតេឡេក្រាម គ្រុបអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ទណ្ឌិតមេឧទ្ទាម (សម រង្ស៊ី) ក្រៅច្បាប់កំពុងភិតភ័យពីរឿង កឹម សុខា បែកចិត្តទៅបង្កើតគណបក្សថ្មី ទៅធ្វើប្រធានគណបក្សសិទ្ធិមនុស្សវិញ។ទណ្ឌិតមេឧទ្ទាម កំពុងស្លន់ស្លោរខ្លាំងណាស់ ដោយសារខ្លួននៅទទេរស្អាត ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដេកមិនលក់បក់មិនល្លើយ”។

សូមរំលឹកថា គណបក្សសិទ្ធិមនុស្ស បង្កើតឡើងដោយ លោក កឹម សុខា កាលពី ឆ្នាំ២០០៧។ ក្រោយមក កាលពី ឆ្នាំ២០១២ កឹម សុខា បានសម្រេចរួបរួមជាមួយ សម រង្ស៉ី ដើម្បីបង្កើត គណបក្សសង្រ្គោះជាតិ ហើយទុកគណបក្សសិទ្ធិមនុស្ស ជូនលោក សឺន ស៊ូបែរ្តិ៍ ជាអ្នកដឹកនាំវិញ៕

ដោយ ៖ អេង ប៊ូឆេង

To Top