ព័ត៌មានជាតិ

រថយន្តតាក់ស៊ី បុកមេប៉ុស្តិ៍ ឃុំប្ញស្សីក្រាំង រងរបួសធ្ងន់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយតាក់ស៊ីមួយគ្រឿង បានបុកនាយនគរបាលប៉ុស្តិ៍ឃុំប្ញស្សីក្រាំង រងរបួសធ្ងន់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងគីឡូម៉ែត្រ ២២៤ ស្ថិតភូមិថ្នល់បត់ ក្នុងឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានព័ត៌មានរាយការណ៍ពីខេត្តបាត់ដំបង ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង ដោយរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-9203 ហើយរថយន្តបានបើករត់តាមផ្លូវជាតិលេខ៥ ម្ពោះមកខេត្តពោធិសាត់ ហើយពេលនោះ មេប៉ុស្តិ៍ ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី បានចេញមកអន្តរាគមន៍ ដោយបានដាក់បារ៉ាស ដើម្បីស្ទាក់រថយន្តបង្ក តែពេលនោះ រថយន្តបង្កមិនបានឈប់នោះទេ ថែមទាំង បារ៉ាស និងមេប៉ុស្តិ៍ បណ្តាលឲ្យរបួសបាក់ដៃបាក់ជើងថែមទៀតផង ។ ក្រោយបុកមន្រ្តីនគរបាលប៉ុស្តិ៍ហើយ រថយន្តក៏បានបន្ថែមល្បឿន ហើយក៏ទុករថយន្តចោល ដោយអ្នកបើកបរ គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករថយន្តបង្ក បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ដើម្បីស្រាវជ្រាវរកម្ចាស់ ផ្តន្ទាទោសតាមច្បាប់ ៕

To Top