ព័ត៌មានជាតិ

សម្តេចតេជោ ទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»

ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ប្រគល់ដោយលោកស្រី ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈម គន្លឹះនាពេលបច្ចុប្បន្ន សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» បានប្រារព្ធឡើងដោយមានអ្នកចូលរួមជាង៨០០នាក់ ។ សមាសភាពជាអតីប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជនអង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។ 

អ្នកចូលរួមនឹង បន្តប្រជុំពិភាក្សាគ្នាជាបន្តទៀត នៅវិមានសន្តិភាពដែលនឹងបញ្ចប់នៅពេលល្ងាចនេះ។ 

បន្ទាប់មក សម្តេចតេជោ នឹងរៀបចំអាហារពេលល្ងាចជូនភ្ញៀវកិត្តិយសនៅសណ្ឋាគារសុខា ល្ងាចនេះផងដែរ ៕

To Top