នយោបាយ

ឡៅ ម៉ុងហៃ ៖ រដ្ឋាភិបាល ពិបាកឆ្លើយតប តាមការចង់បាន របស់មហាអំណាច បើមិនទាន់កសាងការ ទុកចិត្តលើខ្លួនឯង

ភ្នំពេញ ៖ តាមរយៈរូបភាព ជាច្រើនសន្លឹកបង្ហាញពីសកម្មភាពរបស់លោក កឹម សុខាជួបឯកអគ្គរដ្ឋទូតប្រទេស មហាអំណាចមួយចំនួន និងទូតសហភាពអឺរ៉ុប(EU)ផងដែរនោះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា បានលើកឡើងថា បើមិនទាន់កសាងការទុកចិត្ត លើខ្លួនឯងបាន គឺធ្វើឲ្យរាជរដ្ឋាភិបាល ពិបាកក្នុងការឆ្លើយតប ជាវិជ្ជមាន របស់ប្រទេសមហាអំណាច ។

លោក ឡៅ ម៉ុងហៃ តាមរយៈហ្វេសប៊ុកនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថ្លែងថា “មិនទាន់កសាងការទុកចិត្តលើខ្លួនឯង (ថារាស្ត្រទុកចិត្តគាំទ្រខ្លួន) ឡើងវិញបាន ពិបាកឲ្យរដ្ឋាភិបាលឆ្លើយតប ជាវិជ្ជមានទៅនឹងការទាមទាររបស់សហភាពអឺរ៉ុប និងប្រទេសលោកខាងលិចឯទៀត ឲ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមុស្ស គោរពច្បាប់ ដូចចែងក្នុងរដ្ឋធម្មនុញ្ញឡើងវិញណាស់” ។

ទាំងសហគមន៍អឺរ៉ុប និងប្រទេសមហាអំណាចឯទៀត ក្រោយពីជួបសំណេះសំណាល ក៏ដូចជាការសួរសុខទុក្ខ លោក កឹម សុខា ពួកគេបង្ហាញ អារម្មណ៍ ឲ្យរាជរដ្ឋាភិបាលទំលាក់បទចោទប្រកាន់ មកលោក កឹម សុខា ទាំងអស់ ដើម្បីឲ្យមានសេរីភាពវិញ ក្នុងការចូលរួមធ្វើ នយោបាយដូចដើម។

កាលពីថ្ងៃ១០ វិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌច្បាប់ មកលើលោក កឹម សុខា ពោលអនុញ្ញាតឲ្យលោក ដើរហើរពេញក្នុងប្រទេសបាន តែមិនអនុញ្ញាតឲ្យចេញ ក្រៅប្រទេសឡើយ ៕

To Top