នយោបាយ

Hot News: នាយករដ្ឋមន្រ្តីថា ផ្លូវខូចដោយសារ ប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្ត ទទួលសំណូក

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហើបឲ្យដឹងថា បន្ថែមពីលើការខូចខាត ដោយគ្រោះធម្មជាតិ ផ្លូវមួយចំនួនរងការខូចខាត ដោយសារប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្តទទួលសំណូក ហើយអនុញ្ញាតឲ្យ រថយន្តដឹកលើសទម្ងន់ បន្តដំណើរទៅមុខទៀត ដោយមិនបានឃាត់ទុកដោះស្រាយ ទៅតាមនីតិវិធីច្បាប់នោះទេ ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំង ស្ថិតនៅស្រុកដងទង់ ខេត្តកំពតនាព្រឹ កថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “យើងពង្រឹងគុណភាព(ផ្លូវ)ឡើងបន្តិចប៉ុន្តែវាមិនស្របជាមួយទម្ងន់ ដែលជាស្ដង់ដារ នៃប្រទេសនានា គេបានផលិតរថយន្ត សម្រាប់ប្រើប្រាស់នោះទេ ។ អីចឹងយើងត្រូវដាក់ជញ្ជីងថ្លឹងហើយជញ្ជីងមានណា គិតតែពីថ្លឹងទៅត្រង់ថ្លឹងប៉ុន្មានអីប៉ុន្មានអត់ដឹង! ជួនកាលសូកលុយបន្តិចទៅប្រុចបាត់” ។

ក្រោយសង្កេតឃើញផ្លូវមួយចំនួន ចាក់កៅស៊ូមិនមានគុណភាព ជាប់បានយូរនោះ សម្ដេចតេជោ ហ៊ុនសែនបានលើកឡើងថា នាថ្ងៃខាងមុខការស្ថាបនា ផ្លូវនឹងត្រូវប្រើប្រាស់ ស៊ីម៉ង់តិ៍ ចាក់បេតុងជំនួសកៅស៊ូ ខណៈនៅកម្ពុជាមានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើជាស៊ីម៉ង់តិ៍ បានមានតែក្នុងខេត្ត៣ តែប៉ុណ្ណោះ គឺខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ ។

សម្ដេចតេជោ ថ្លែងឲ្យដឹងបន្តថា ទោះបីជាការចាក់បេតុង ចំណាយថវិកាច្រើនជាងការចាក់កៅស៊ូ តែមានគុណភាពជាប់ បានយូរហើយការចាក់កៅស៊ូ ធ្វើមុខខូចក្រោយធ្វើក្រោយ ខូចមុខបង្កការរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនិងខាតបង់ថវិកា ច្រើនផងដែរ ។ ជាក់ស្ដែងផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង ជាមុនទើបចាក់កៅស៊ូក្រាល ពីលើដើម្បីអាចទ្រទម្ងន់ កុងតឺន័រយ៉ាងច្រើនដែលចរាចរ ក្នុងមួយថ្ងៃៗ សម្រាប់ការនាំចេញនិងនាំចូល៕

To Top